លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ មន្ទីរពេទ្យគន្ធបុប្ផា គឺបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការសម្រាលក្ដីបារម្ភដ៏ធំសម្បើមនៃឪពុកម្ដាយរាប់សែននាក់”

ចែករំលែក៖

ភ្នំពេញ ៖ នៅពេលមានកុមារកើតជំងឺ ឳពុកម្ដាយតែងតែបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយមន្ទីរពេទ្យនេះ បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាល សង្គ្រោះអាយុជីវិតកុមារ។ ការដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ ពីសំណាក់ក្រុមគ្រូពេទ្យ គឺបានសម្រាលក្ដីព្រួយបារម្ភ ភាពតក់ស្លុតរបស់ម្ដាយឳពុករាប់សែននាក់ចំពោះសុខទុក្ខរបស់កូនខ្លួន។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងបែបនេះ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងដូច្នេះនៅក្នុងពិធីបើកយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាប្រមាណ៤៣លានដុល្លារអាម៉េរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះ។ ដើម្បីធានានូវនិរន្តរភាពក្នុងការជួយសង្គ្រោះជីវិតទារក និងកុមារកម្ពុជា គឺទាមទារចំបាច់ការចូលរួមបរិច្ចាគពីសប្បុរជនគ្រប់រូប។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា ៖ ចាប់តាំងពីដំណើរការឡើងវិញនៅឆ្នាំ១៩៩២ មកទល់បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលផ្នែកពិគ្រោះជំងឺក្រៅដល់កុមារ និងស្រ្តីមានផ្ទៃពោះ បានប្រមាណ ២៣លាននាក់ និងទទួលព្យាបាលកុមារដែលកើតជំងឺធ្ងន់ធ្ងរបានប្រមាណ២,៨លាននាក់។ ក្នុងរយៈពេល៣៣ឆ្នាំមកនេះ មន្ទីរពេទ្យទទួលសម្រាលកូនជូនស្រ្តីមានផ្ទៃពោះ បានប្រមាណ ៤១ម៉ឺននាក់ ផងដែរ។

« យុទ្ធនាការ នៅពេលដែលឃើញមានការកៀរគរផុសផុលក្នុងការចូលរួមយ៉ាងច្រើនពីសំណាកប្រជាពលរដ្ឋយើង សប្បុរជនដទៃទៀតនៅគ្រប់មជ្ឈដ្ឋានទាំងអស់ គឺធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសាររបស់កុមារដែលឈឺ មានភាពជឿជាក់  និងមានទំនុកជំនឿចិត្តថា មន្ទីរគន្ធបុប្ផា នឹងបន្តនិរន្តរភាពបានយូរអង្វែង ហើយកូនៗរបស់គាត់មានសង្ឃឹមពីមានជីវិតពីជំងឺផ្សេងៗបាន » ។ នេះជាការលើកឡើងរបស់លោកស្រី ពេជ ចន្ទមុនី្ន ដែលការចូលរួមពីគ្រប់សប្បុរជនសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ទោះជាថវិកាច្រើនក្តី តិចតួចក្តី និងសកម្មភាពគាំទ្រផ្សេងៗក្តី គឺសឹងសុទ្ធជាសារជូនពរ លើកទឹកចិត្តដល់ទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺនានានៅមន្ទីរពេទ្យគន្ធបុប្ផា។
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តរៀបរាប់យ៉ាងលម្អិតថា ៖ « ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយថវិកាតិចចំនួន១២ម៉ឺនដុល្លារ ឬ ប្រមាណ៤៣លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដើម្បីរក្សានិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងទាំងនៅខេត្តសៀមរាប ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារកម្ពុជា រួមទាំងសេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង »។
បើតាមប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ថវិកាសម្រាប់ចំណាយដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាចំនួន៤៣លានដុល្លារក្នុងមួយឆ្នាំៗ ដែលទទួលបានពីប្រភពសំខាន់រួមមាន ៖ ប្រភពពីព្រះរាជអំណោយរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, ពីរាជរដ្ឋាភិបាល,  រដ្ឋាភិបាលស្វីស, កាកបាតក្រហមកម្ពុជា, មូលនិធិគន្ធបុប្ផាស្វីស, ការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងថវិកាដែលសប្បុរជនបានចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។
ដោយឡែក ក្នុងរយៈពេល៥ខែមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាអស់ប្រមាណ១៥លានដុល្លារ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងសេវាសម្ភពដោយឥតថ្លៃ។ នារយៈពេលនេះ មន្ទីរពេទ្យបានពិនិត្យ និងព្យាបាលទារក និងកុមារ នៅផ្នែកពិគ្រោះក្រៅ បានប្រមាណ៤០ម៉ឺននាក់ កើនជាង១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ នេះជាការរៀបរាប់បន្ថែមរបស់លោក អូន ព័ន្ធមុនីរ័ត្ន ខណៈយុទ្ធនាការ « ១ម៉ឺនរៀល ១ម៉ឺននាក់ » ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា អនុវត្តពីថ្ងៃទី១ ខែមិថុនា តទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print