ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ នៅតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តឃាត់ម៉ូតូដែលប្រើប្រាស់បំពង់ស៊ីម៉ាំងបំពងសំឡេងកែច្នៃខុសលក្ខណៈបច្ចេកទេស ជាច្រើនគ្រឿង យកមកធ្វើការណែនាំតាមនីតិវិធីច្បាប់។
ជាក់ស្ដែងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកយុត្តិធម៌ ផ្នែកអន្តរាគមន៍ បានសហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការឃាត់បានម៉ូតូ ដែលប្រើប្រាស់បំពង់ស៊ីម៉ាំងបំពងសំឡេងកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន ០៦គ្រឿង នៅចំណុចលើផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជាមួយគ្នានោះ. កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់បានម៉ូតូ ចំនួន៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់សុីមុាំងបំពងសំឡេងឮខ្លាំង) ចំនួន២២គ្រឿង និងម៉ូតូគ្មានផ្លាកលេខចំនួន០៨គ្រឿង។
បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វេីផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។
ដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក និងច្រាំងចំរេះទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស ចំនួន០២គ្រឿង និងម៉ូតូបង្ហោះលើផ្លូវសាធារណៈចំនួន ០២គ្រឿង យកមករក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីអនុវត្តតាមនីតិវិធី។
ចំណែលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ម៉ូតូចំនួន០៥គ្រឿង ប្រើប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស នៅក្នុងសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានណែនាំអប់រំ និងធ្វេីកិច្ចសន្យាដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕ដោយ៖តារា