ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក និងជួញដូដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្រុមទី០២ ភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផា ផុន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្រុមទី០២ ភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់, ទូរស័ព្ទដៃចំនួន០១គ្រឿង ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៣និង១០នាទី នៅចំណុចភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ទៀត ១-ឈ្មោះ ឌួង វឌ្ឍនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង និង២-ឈ្មោះ ដាំ វ៉ានឌិប ភេទប្រុស អាយុ២២ឆ្នាំ រស់នៅចំណុចភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ។
វត្ថុតាងចាប់យកបានរួមមាន ៖ ទូរស័ព្ទដៃចំនួន០១ និងម៉ូតូចំនួន ០២គ្រឿង ម៉ាកអ៊ិចសិនទ័រ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ និងម៉ាកហុងដាឃ្លិច ពណ៌ក្រហម សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ៖តារា