Breaking News ៖ នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ត្រីកម្ពុជា ៖ ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ នេះជាការបង្ហោះលើផេកផ្លូវការ របស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷

១. រៀបចំការប្រជុំជាបន្ទាន់ជាមួយគណៈកម្មការព្រំដែនចម្រុះ(JBC) ជាមួយភាគីថៃ ដើម្បីបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដងដើម្បីពន្លត់ភ្លើងដែលកំពុងឆេះជុំវិញបញ្ហានេះ។ 

ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។  ខ្ញុំបានផ្ដល់គោលការណ៍ណែនាំឲ្យភាគីកម្ពុជា។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print