កម្ពុជាទាមទារឲ្យថៃស៊ើបអង្កេតជាបន្ទាន់ករណីបាញ់ប្រហារមកលើទាហានខ្មែរនៅមុំបី និងនាំបុគ្គលដែលបាញ់ដ៏សាហាវនេះមកផ្តន្ទាទោសតាមច្បាប់ !

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមលិខិតក្រសួងការបរទេសកម្ពុជា ផ្ញើជូនទូតថៃ គឺកម្ពុជាទាមទារឲ្យថៃស៊ើបអង្កេតជាបន្ទាន់ករណីបាញ់ប្រហារមកលើទាហានខ្មែរនៅមុំបី និងនាំបុគ្គលដែលបាញ់ដ៏សាហាវនេះមកផ្តន្ទាទោសតាមច្បាប់ !

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះ ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី28 ខែឧសភា ឆ្នាំ2025 មានកិត្តិយសសូមជម្រាបទៅកាន់ភាគីថៃដូចខាងក្រោម៖

1. នៅថ្ងៃទី28 ខែឧសភា ឆ្នាំ2025 វេលាម៉ោង 05:30 នាទីព្រឹក កងកម្លាំងថៃបានបើកការបាញ់ប្រហារ ដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ នៃប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានការសម្លាប់ទាហានខ្មែរដោយអយុត្តិធម៌។

2. រាជរដ្ឋាភិបាលកម្ពុជា សូមគូសបញ្ជាក់ថា កងទ័ពព្រំដែនកម្ពុជាបានឈរជើងជាបន្តបន្ទាប់ និងដោយ សន្តិវិធីនៅទីតាំងនេះតាំងពីយូរយារណាស់មកហើយ គឺតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈនៃ ការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃក្នុងឆ្នាំ 2000។

3. រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃ មិត្តភាព និងភាពជាអ្នកជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុង នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ2000។

4. រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយ បុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់។

5.ទោះយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាការអត់ធ្មត់ជាអតិបរមា និង ដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ដោយប្រើយន្ត ការដែលមានស្រាប់ រួមមានគណៈកម្មាធិការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈ កម្មាធិការព្រំដែនទូទៅ (GBC) ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និង មិត្តភាពជាមួយប្រទេសថៃ និងប្រទេសជិតខាង។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមឆ្លៀតឱកាសនេះសម្តែងនូវគារវកិច្ចជាថ្មីម្តងទៀត ចំពោះស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print