ខេត្តឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ដែលមាន ប្រាសាទដំរីទ្រោម នៅក្បែរនោះ និងមានចំងាយ ១៣គីឡូម៉ែត្រ ពី ប្រាសាទតាក្របី ដែលស្ថិតនៅលើជួរភ្នំដងរែក។បើតាមឯកសារព្រឹទ្ធាចារ្យដែលរស់ និងថែនៅប្រាសាទនេះបានបញ្ជាក់ថា កាលដើមឡើយប្រាសាទតាមាន់ទាំមូលមានឈ្មោះថា ប្រាសាទវេទមន្ត លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ ប្រាសាទកសាងឡើងនៅក្នុងសម័យអាណាចក្រអង្គរ ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក។ ប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទ គេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូង។ ប្រសិនបើគេចេញពីខ្លោងទ្វារប្រាសាទ គេអាចធ្វើដំណើរលើផ្លូវបុរាណ ដែលមកពីរាជធានីអង្គរ ចំនែកនៅខាងក្រោមមានស្រះទឹកបុរាណមួយ។ ប្រាសាទតាមាន់ធំជាប្រាសាទដែលតម្កល់ព្រះសិវលិង្គធម្មជាតិមួយ ដែលមានឈ្មោះថាស្វាយជម្ពូរលិង្គដែលមានន័យថាលិង្គដែលកើតឡើងដោយខ្លួនឯង[១]។ លិង្គធម្មជាតិដែលមានភាពល្បីល្បាយដូចគ្នាទៅនិងព្រះសិង្គនៅប្រាសាទវត្តភូ នៅក្នុងទឹកដីប្រទេសឡាវនៅពេលបច្ចុប្បន្ន។ លក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមាន់ធំគឺជាការតំរង់ទិសនៃប្រាសាទ។ ប្រាសាទបុរាណខ្មែរបុរាណភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ៩០ដឺក្រេ ហេតុនេះអនុញ្ញាតឱ្យព្រះអាទិត្យរះ ដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាលពីរដងក្នុងមួយឆ្នាំ។ ប្រាសាទខ្មែរពីរបីប៉ុណ្ណោះ ដែលមានមានខ្លោងទ្វារបែរមុខទៅទិសខាងត្បូងដូចជាប្រាសាទភិមាឃ និងប្រាសាទតាមាន់ធំ។ ប្រាសាទដែលបែរមុខទៅទិសខាងត្បូងមានការជាប់ទាក់ទងនឹងព្រះយមរាជគឺជាព្រះអាទិទេពនៃការស្លាប់។ ប្រាសាទភិមាឃ ក៏ដូចប្រាសាទតាមាន់ធំបានបែរទៅទិសខាងត្បូង ដែលតំរង់ទៅរករាជធានីអង្គរ។ ប្រាសាទតាមាន់ធំបែរមុខទៅទិសខាងត្បូងមាន១៧១.៥ដឺក្រេ ដែលមាន ៨.៥ដឺក្រេទៅខាងត្បូងនិងមាន ២៤កឺក្រេតំរង់ទៅកាន់រាជធានីអង្គរ។ លក្ខណៈពិសិដ្ឋនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយ ដែលមានលក្ខណៈសើមជានិច្ចបណ្តាលមកពីចរន្តទឹក ដែលផុសចេញពីបាតភ្នំ ។ គឺថ្មធម្មជាតិនេះហើយ ដែលត្រូវបានគេ ប្រដូចទៅនឹងព្រះសិវលិង្គ ឬ លិង្គព្រះឥសូរដ៏មានមហិទ្ធិរិទ្ធក្នុងសម័យកាលបុរាណ។ គឺ ប្រការនេះហើយ ដែលថ្មលិង្គស្វ័យជម្ពូវបានក្លាយទៅជាចំណុចកណ្តាលឬ បេះដូង នៃ ប្រាសាទតាមាន់ធំ ដោយហេតុថាមានការសាងសង់ប្រាង្គ ប្រធានហ៊ុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញ។ ក្នុងបរិបទនេះហើយទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយជាទ្វេរដង ៕
ដោយ ៖ សិលា