សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីមហាផ្ទៃតួកគីបាននិយាយថា ការរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ បានវាយប្រហារតំបន់ Marmaris ភាគនិរតីនៃប្រទេស កាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់របួស។
លោក Ali Yerlikaya បានបញ្ជាក់ថា «ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីការរញ្ជួយបង្កឱ្យភ័យស្លន់ស្លោ ហើយមនុស្សប្រហែល ៧០នាក់ រងរបួសនៅក្នុងខេត្ត Mugla គ្រាដែលពួកគេជ្រួលច្របល់រកកន្លែងសុវត្ថិភាព និងមានអ្នកខ្លះលោតចុះពីទីខ្ពស់។ មិនមានរបាយការណ៍បឋមអំពីការបំផ្លិចបំផ្លាញ ក្នុងរង្វង់អគារលំនៅដ្ឋាននោះទេ»។
តាមទីភ្នាក់ងារគ្រោះមហន្តរាយ AFAD ការរញ្ជួយដីកើតឡើង នៅចម្ងាយប្រហែល ១០គីឡូម៉ែត្រពីឆ្នេរសមុទ្រ Marmaris។ នៅទីក្រុងកំពង់ផែ Fethiye ចម្ងាយ ១០០គីឡូម៉ែត្រពីឆ្នេរសមុទ្រ Marmaris មានក្មេងស្រីម្នាក់ស្លាប់។ ក្នុងចំណោមអ្នករបួស ១៤នាក់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ ៨នាក់គ្រាន់តែទទួលការពិនិត្យរួចចេញពីមន្ទីរពេទ្យ រីឯ ៤៦នាក់ទៀត កំពុងសម្រាកក្នុងមន្ទីរពេទ្យ។
រមណីយដ្ឋានមាត់សមុទ្រដ៏ពេញនិយមជាច្រើន គឺមានទីតាំងនៅក្នុងខេត្ត Mugla រួមទាំង Marmaris, Bodrum និង Fethiye ដែលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣.៧លាននាក់ ក្នុងឆ្នាំ ២០២៤៕
រូបថត: X