ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃអង្គរ ៨កើត ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នេះថា នៅវេលាម៉ោងប្រមាណជាង៤ទាបភ្លឺ ថ្ងៃទី៣ ខែមិថុនា នេះ មានអគ្គីភ័យឆាបឆេះរថយន្តកែច្នៃ ដឹកសម្ភារៈប្រើប្រាស់ដើរលក់១គ្រឿងអស់ទាំងស្រុង នៅគ្រាកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ ។
សេចក្ដីរាយការណ៍ដដែលឲ្យដឹងទៀតថា ហេតុការណ៍ដរកម្រខាងលើនេះ បានកើតឡើងត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៣-២១៤ ស្ថិតនៅភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សេចក្ដីរាយការណ៍ឲ្យដឹងបន្ថែមទៀតថា ម្ចាស់រថយន្តកែច្នៃត្រូវបានអគីភ័យឆាបឆេះ ឈ្មោះ រុន ចាន់ធួក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិថ្មី ឃុំដូនត្រឹង ស្រុកកំចាយមា ខេត្តព្រៃវែង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ភ្លើងឆេះអស់ទាំងស្រុង សម្ភារៈខូចខាតរួមមាន មធ្យោបាយ រថយន្តកែច្នៃ១គ្រឿង ពូកដេកចំនួន១០០ពូក តុដែកចំនួន២០តុ និងសម្ភារៈផ្សេងៗមួយចំនួន មូលហេតុ បណ្ដាលមកពីហ្វ្រាង ។
ប្រភពរាយការណ៍បញ្ជាក់ថា ទោះបីជាយ៉ាងណាក្ដី ករណីគ្រោះថ្នាក់អគីភ័យឆាបឆេះរថយន្តកែច្នៃ១គ្រឿង ដែលដឹងសម្ភារៈប្រើប្រាស់ដើរលក់នេះ ពុំបង្កការរងរបួសមនុស្សរឺទ្រព្យសម្បាត្តិអ្នកដរទៃនោះទេ ៕
ដោយៈ ប៉ឹម ពិន