ខេត្តសៀមរាប÷ បណ្តាអាជីវកម្មទាំងឡាយណាដែលលក់ផលិតផលក្លែងក្លាយ ក្នុងរូបភាពបោកបញ្ឆោតដល់ភ្ញៀវទេសចរនឹងអាចរងការផាកពិន័យ និងឈានដល់ការបិទអាជីវកម្ម។ នេះបើតាមលោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍ និងទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា។
ការរឹតបន្តឹងការគ្រប់គ្រងការលក់ផលិតផលក្នុងបរិវេណរមណីយដ្ឋានអង្គរ ដើម្បីការពារមុខមាត់ដែលអាចនាំឲ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌពិភពលោក។ កន្លងមកជារឿយៗតែងតែមានអ្នកលក់ផលិតផលក្លែងក្លាយនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ។
អាជ្ញាធរអប្សរាក្រៅពី រឹតបន្តឹងការលក់ផលិតផលក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរក៏មានវិធានការគ្រប់ គ្រងលើមគ្គុទ្ទេសក៍ទេសចរបំពេញការងារ ប្រសិនមានការបរិយាយខុសឆ្គងពីប្រវត្តិសាស្រ្តអាចឈានដល់ការកាត់ពិន្ទុ និងដកអាជ្ញាប័ណ្ណថែមទៀត។ លោក សេង សុធារ៉ា បញ្ជាក់បន្ថែម។
ពាក់ព័ន្ធការគ្រប់គ្រងការលក់ផលិតផលនៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក សេង សុធារ៉ា ក៏ស្នើដល់អាជីវករចូលរួមលើកកម្ពស់ ដើម្បីការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរក្នុងក្រសែភ្នែកភ្ញៀវទេសចរ៕