ភ្នំពេញ ៖ ប្រជាពលរដ្ឋចាស់ជរានិងទីទាល់ក្រចំនួន១៥០គ្រួសារមកពីសង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅ លើកម្រាមដៃ១០សំពះអរគុណដល់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកក្កបាទក្រហមកម្ពុជា ដែលជួយសង្គ្រោះពួកគាត់ កំពុងជួបការលំបាកទាន់ពេលវេលាតាមរយៈលោក សុខ សម្បតិ ប្រធានកេត្តិយសអនុសាខាកក្កបាទក្រហមខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ នៅក្នុងវត្តចន្ទបុរីវង្ស។
ក្នុងការជួបសំណេះសំណាល និងចែកជូនអំណោយដល់ប្រជាពលរដ្ឋនោះលោក សុខ សម្បតិ ប្រធានកេត្តិយសអនុសាខាកក្កបាទក្រហមខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកក្កបាទក្រហមកម្ពុជា ផ្តាំផ្ញើរសួរសុខទុកបងប្អូនទាំងអស់នៅទីនេះ។ លោកបន្តថា ដូចបងប្អូនដឹងស្រាប់ហើយ កន្លងមកទីណាមានការលំបាក ទីនោះគឺតែងតែមានកក្កបាទក្រហមតាមជួយជានិច្ច។
លោកបន្ថែមថា នាពេលបច្ចប្បន្ននេះរាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះប្រជាពលរដ្ឋ ទូទៅមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ហើយនេះគឺជាក្តីកង្វល់មួយដែលត្រូវដោះស្រាយជាបន្ទាន់ ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ នៅក្នុងភូមិឫ សង្កាត់និងខណ្ឌដែលអាជ្ញាធរមិនបានដឹងនោះឡើយ។
លោក សុខ សម្បតិ បញ្ជាក់ថា ចាប់ពីថ្ងៃនេះពេលនេះទៅយើងត្រូវចូលរួមលប់បំបាត់ភាពក្រីក្រនិងភាពល្ងង់ខ្លៅជាមួយគ្នា ដោយប្រជាពលរដ្ឋទាំងអស់ត្រូវប្រើទឹកស្អាតនិងបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យរុងរឿងជាលំដាប់។
ជាមួយគ្នានោះផងដែរលោកក៏បានផ្តាំផ្ញើ និងសូមឲ្យប្រជាពលរដ្ឋជំរុញកូនឲ្យទៅរៀនចាប់ពីថ្នាក់ដំបូងរហូតដល់វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណែទម្រង់វិស័យអប់រំ តាមរយៈការរឹតបន្តឹងពេលប្រឡងនោះ ហើយសម័យតេជោនេះ សិស្សដែលរៀនពូកែបានទទួលអាហាររូបករណ៍ ប្រាក់លើកទឹកចិត្ត និងសម្ភារៈជាច្រើនទៀត ពីរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋទាំង ១៥០គ្រួសារ បានលើកដៃសំពះអរគុណ ដល់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកក្កបាទក្រហមកម្ពុជា ដែលបានជួយសង្គ្រោះពួកគាត់ កំពុងជួបការលំបាកទាន់ពេលវេលានេះ មានអង្ករ៣០គីឡូក្រាម ម៉ី១កេះ ត្រីខ១យួ និងឃិត១កញ្ចប់។ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋជួបនូវបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះជាដើម៕
ដោយ៖ ព្រែកជ័យ