រឿង នរកលោកិយ៍បីឆ្មាំប្លាយ

ចែករំលែក៖

វាសនា ពោលពាក្យមួយៗសម្លឹងមុខគូស្នេហ៍ដែលកំពុងតែរលីងរលោងទឹកភ្នែក អួលដើមកនិយាយទៅរកប្រុសស្នេហ៍មិនរួចថា ” កត្តាទាំងពីរនេះឯងដែលបងបារម្ភខ្លាំងណាស់ តែបើជាមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយ ឱ្យតែយើងស្មោះនឹងគ្នា ស្រឡាញ់គ្នា យើងទាំងពីរនាក់នៅតែសុំផ្សងបានជួបគ្នាទាំងជាតិនេះ និងជាតិក្រោយទៀត កុំឲ្យយើងឃ្លាតពីគ្នាណា រចនា។

ក្នុងខណៈនោះមានឡាន ៥ គ្រឿងផ្ទុកអ្នកដំណើរបានបើកមកដល់។ ឡានមួយគ្រឿងៗ មានមនុស្សចំនួន ៤ នាក់ បានបើកចូលមកកាន់វត្តពោធិ៍ក្រឡាញ់។ អ្នកជិះស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ មានបង់កកន្សែងពណ៌ក្រហម ពាក់ស្បែកជើងកង់ឡាន ពាក់មួកកាតឹបពណ៌គគីរថែមទាំងមានកាំភ្លើងវែងខ្លីមកឈប់នៅក្នុងវត្ត។ ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងផ្អើលឈូឆររត់ប្រសេកប្រសាចពេញវត្ត។ ឯគូស្នេហ៍ទាំងពីរនាក់ក៏មកមើលនឹងគេដែរ។ នៅពេលនោះស្រាប់តែឮសំឡេងបុរសម្នាក់មាឌធំខ្មៅមានកាំភ្លើងខ្លីជាប់នៅនឹងចង្កេះរួចយកឧបករណ៍បំពងសំឡេងមកប្រកាសក្តែងៗយ៉ាងខ្លាំងថា ÷
ពុកម៉ែទាំងអស់គ្នាកុំភិតភ័យ! សមមិត្តបងយើងទាំងអស់គ្នានេះចុះមកតាមអង្គការមហាលោតផ្លោះដាក់ទិសដៅឱ្យមកជួយសង្គ្រោះបងប្អូនឲ្យរួចផុតពីរបបសក្តិភូមិ លន់ នល់ដែលប្រើអំណាចជិះជាន់ផ្ដាច់ការមកលើពុកម៉ែ។ សូមពុកម៉ែកុំភ័យបារម្ភសប្បាយរីករាយបន្តទៀតចុះ អង្គការបានបើកឱកាសឲ្យពុកម៉ែបានសប្បាយចូលឆ្នាំម្ដងទៀតចំនួន៣ ថ្ងៃ។
ប្រជាជនទាំងអស់គ្នាសប្បាយរីករាយរំភើបក្នុងចិត្តឥតឧបមា ហើយឆ្ងល់គ្រប់គ្នាថា តើទាហាន លន់ នល់ ទៅណាអស់បានជាឲ្យពួកខោអាវខ្មៅខ្មែរក្រហមចូលមកបានស្រួលម៉្លេះដោយគ្មានឮទោះអាវុធអ្វីសោះ? ម្នាក់ៗកំពុងតែឆ្ងល់គ្រប់គ្នាស្រាប់តែមេខ្មែរក្រហមម្នាក់មានរាងទាបក្រអាញចាប់ក្បាលមេក្រូមកស្រែកប្រកាសបន្ថែមទៀតថា÷
ខ្ញុំសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នា។ ស្ងាត់ពុកម៉ែបងប្អូនកុំឆ្ងល់ឱ្យសោះ ពេលនេះប្រទេសជាតិយើងមានសន្តិភាពហើយ។ យើងបានវាយចូលទីក្រុងភ្នំពេញ។ អង្គការរបស់យើងបានគ្រប់គ្រងភ្នំពេញទាំងមូល។ យើងបានចូលកាន់កាប់ប៉ុស្តិ៍វិទ្យុជាតិ។ ទាហាន លន់ នល់ ទម្លាក់អាវុធចុះ យើងរួបរួមគ្នាកសាងប្រទេសជាតិដើម្បីសន្តិភាពបញ្ចប់សង្គ្រាមឥតមានអ្នកណាមាន អ្នកណាក្រអ្នកជិះជាន់គេ និងអ្នកដែលត្រូវគេជិះជាន់ទៀតទេ។ យើងមានវណ្ណៈតែមួយ គឺជាវណ្ណៈកម្មករ កសិករទាំងអស់គ្នា ដោយឥតមានវណ្ណៈសក្តិភូមិ វណ្ណៈមូលធននិយមប្រើអំណាចផ្ដាច់ការអ្វីទេ។ អង្គការយើងដឹកនាំប្រទេសជាតិរីកចម្រើនមហាលោតផ្លោះ មហាអស្ចារ្យ។
ពេលនោះសំឡេងទះដៃរបស់កងទ័ពខ្មែរក្រហមលាន់ឮព្រមៗគ្នា។ហើយស្រែកជ័យខុសខ្លាំងៗថា
ជយោ! ជយោ! អង្គការមហាលោតផ្លោះមហាអស្ចារ្យ!
ពេលនោះបងប្អូនប្រជាពលរដ្ឋសប្បាយចិត្តណាស់ នាំគ្នាទះដៃខ្លះស្រែកហ៊ោថា ស្រុកយើងសាន្តត្រាណហើយ សុខសប្បាយហើយ ចប់សង្គ្រាមហើយ។ រចនាកាន់ដៃវាសនាជាប់ហើយក្តាប់យ៉ាងណែនហាក់ដូចជាចង់បង្កប់នូវគំនិតអាថ៌កំបាំងអ្វីម្យ៉ាងដែលផ្ទុយពីគំនិតអ្នកស្រុក អ្នកភូមិទាំងអស់ តែនាងមិនហ៊ាននិយាយចេញ។
មិនយូរប៉ុន្មាន អង្គការចាប់ផ្ដើមជម្លៀសប្រជាជន។ វាសនាប្រញាប់សួរឪពុករបស់គាត់ថា ” បាទពុក! ចុះអង្គការគេឲ្យយើងទៅទីណា? ប៉ុន្មានថ្ងៃទៀតត្រឡប់ចូលផ្ទះវិញ? និយាយរួច វាសនាស្ទុះចូលក្នុងផ្ទះរៀបចំខោអាវបន្តិចបន្តួចឲ្យប្អូនជួយកាន់ និងពជីដូន។
ឪពុក÷ អង្គការថាទៅវត្តតាប៉ុនណាកូន។ មិនយូរទេយើងនឹងបានត្រឡប់មកផ្ទះយើងវិញនៅពេលដែលអង្គការរៀបចំភូមិរបស់យើងរួចរាល់” ។
ចម្ងាយពីភូមិទឹកជោរទៅវត្តតាប៉ុនមានប្រមាណ ២ គីឡូម៉ែត្រ។ ប្រជាជនឃុំទឹកជោរនាំគ្នាដើរទូលអីវ៉ាន់ ខ្លះរែក ខ្លះពុន ខ្លះបររទេះ ខ្លះដើរដឹកដៃកូន និងខ្លះទៀតដឹកអីវ៉ាន់តាម កង់ ម៉ូតូឡានសំដៅមកវត្តតាប៉ុនទាំងអស់គ្នាយ៉ាងគគ្រឹកគគ្រេង ប្រសេចប្រសាចពាសពេញផ្លូវ។ប្រជាជនខ្លះដើរតាមថ្នល់ និងប្រជាជនមួយចំនួនទៀតដើរកាត់វាល។ វាសនាខំពជីដូនចាស់បែកញើសហូរចូលខ្លួន។ វាសនាអត់ថ្ងូរសូម្បីតែមួយម៉ាត់ឡើយ។ ឯផ្ទៃមេឃខែពិសាខមានសភាពចង់ធ្លាក់ភ្លៀង មើលទៅមេឃខ្មៅងងឹតមីដេរដាសមានផ្លេកបន្ទោរ។ ស្នូររន្ទះបាញ់ ឆ្វេកឆ្វាច ដែលជាសញ្ញាមួយថា មិនយូរប៉ុន្មានទឹកភ្លៀងនឹងធ្លាក់ចុះមកយ៉ាងខ្លាំង ។ ព្រះអាទិត្យជិតលិចហើយ គ្រាន់តែប្រជាជន ប្រុសស្រី ចាស់ក្មេងចូលក្នុងវត្តតាប៉ុនជុំគ្នាបានមួយស្របក់ ភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនឹងសម្រែកកងទ័ពខ្មែរក្រហមស្រែកគំរាមថា÷
ពុកម៉ែទាំងអស់គ្នាចេញក្រៅវត្តដោយឥតមានយកអីវ៉ាន់ទៅទេ។ត្រូវចេញតែមួយរយៈ ចាំអង្គការមើលអីវ៉ាន់ឲ្យនៅទីនេះមិនបាត់ទេ។ អ្នកណាហ៊ានកាន់អីវ៉ាន់តែបន្តិចតាមជាប់នឹងខ្លួន អង្គការយើងនឹងបាញ់ចោល ព្រោះវាបញ្ជាក់ថា នៅជាប់កម្មសិទ្ធិផ្ទាល់ខ្លួន ជាប់វណ្ណៈមូលធន ជាប់របបសក្តិភូមិ មិនចេះតស៊ូដូចវណ្ណៈកម្មករ កសិករ។ ប្រញាប់ចេញភ្លាមទាំងអស់គ្នា ចេញភ្លាម។គ្រាន់តែកងទ័ពខ្មែរក្រហមនិយាយរួចក៏មានការបាញ់កាំភ្លើងទៅលើបីគ្រាប់ជាប់ៗគ្នា។
តាមការពិត នេះគឺជាល្បិចរបស់អង្គការឲ្យយកអីវ៉ាន់ចេញពីផ្ទះមកទុកជុំគ្នានឹងវត្ត ដើម្បីងាយស្រួលកុំឲ្យពិបាកពួកគេប្រមូលតាមផ្ទះ។ យប់នោះយើងមិនបានចូលមកវត្តយកអីវ៉ាន់វិញទេ។ យើងនាំគ្នាដើរទាំងយប់ងងឹតឈឹង។ ខ្លួនរងារញ័រចំប្រប់ដូចកូនសត្វ ខ្លះហល់ទឹកភ្លៀងមានស្លាប់កូនង៉ែត ក្មេងតូចៗ និងចាស់ជរាដែរ។

...

វាសនាបានលាក់ក្រណាត់ភ្លៀងមួយទុកក្នុងអាវសម្រាប់ការពារទទឹកដល់ជីដូនកំសត់របស់ខ្លួន។ វាសនាពជីដូនដើរតាមគេក្រោមដំណក់ទឹកភ្លៀង និងស្នូររន្ទះទាំងងងឹតឈឹងមិនដឹងថាទៅទីណាទេ។ ប្រជាជននាំគ្នាដើរតាមបញ្ជារបស់កងទ័ពខ្មែរក្រហមនាំផ្លូវខាងមុខ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print