ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញញត្តិគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើបញ្ហាព្រំដែនជាមួយថៃ

ចែករំលែក៖

ភ្នំពេញ​៖​ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីការទូតនៅតាមបណ្តាស្ថានតំណាងកម្ពុជានៅបរទេស សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចនាំយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង ស្របតាមច្បាប់ អន្តរជាតិ ព្រមទាំងការបន្តប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដទៃទៀតដោយសន្តិវិធី ក្នុងគោលបំណងរក្សា និងកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការខិតខំប្រឹងប្រែង សេចក្តីក្លាហាន និងជំហរឥតងាករេរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់បណ្តុះស្មារតីស្នេហាជាតិមាតុភូមិ មរតក វប្បធម៌ និងការថែរក្សាទឹកដីសម្រាប់កូនចៅជាច្រើនជំនាន់តទៅមុខទៀត។

យើងខ្ញុំទាំងអស់គ្នាសូមសម្តែងការគាំទ្រទាំងស្រុងនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាដែលបានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា ស្តីពីការគាំទ្រឱ្យរាជរដ្ឋាភិបាលនាំយកបញ្ហាព្រំដែនទាំងនេះ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងចំណាត់ការប្រកបដោយភាពបុរេសកម្ម និងប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ជាពិសេសភាពចាំបាច់បំផុតនៃការពង្រឹងស្មារតីរួបរួមជាតិជាធ្លុងមួយរបស់ ប្រជាជននៅទូទាំងប្រទេស ដែលជាខឿនការពារជាតិដ៏រឹងមាំបំផុតមិនអាចបំបែកបាន។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរអរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងការ កោតសរសើរចំពោះវីរភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែន។ 

ក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាបន្តខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ចូលរួមក្នុងបុព្វហេតុការពារជាតិ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់រួបរួមគ្នា គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការស្របច្បាប់នានា ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់យើងឱ្យខាងតែបាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print