ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពប្លន់យកលុយនិងទូរស័ព្ទដៃពីថៅកែកាប់ជ្រូកត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តឃាត់ខ្លួនបានកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមមន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តព្រះ សីហនុបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ កែវ ប៊ុនហៀង ហៅត្រងោល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ទី២-ឈ្មោះ ពៅ ស្រស់ ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងក្រុម៣២ ភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ និងទី៣-ឈ្មោះ រដ្ឋ រស្មី ហៅយួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះឈ្មោះ សេង ចាន់ធា ភេទស្រី អាយុ២៣ឆ្នាំ និងប្តីឈ្មោះដា សុភ័ក្រ អាយុ២៩ឆ្នាំ មានមុខរបរកាប់ជ្រូក និងមានទីលំនៅកន្លែងកើតហេតុខាង លើ។
មន្រ្តីដដែលបានបញ្ជាក់ថា ជនរងគ្រោះត្រូវក្រុមចោរប្លន់យកលុយ២៥០ដុល្លារទូរស័ព្ទដៃចំនួន២គ្រឿងម៉ាក Samsung ១គ្រឿងនិងIphone 6 Plus ១គ្រឿង។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូទៅរកកន្លែងហូបបង្អែម លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់បានដក កាំភ្លើងខ្លី១ដើមភ្ជង់ជនរងគ្រោះគំរាមយក កាបូបលុយ និងទូរស័ព្ទដៃរួចគេចខ្លួនបាត់តែម្តង។ ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យតាមឃាត់ខ្លួនជនសង្ស័យ ពេលនោះជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីប្លន់បានបន្តិចផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ឆ្លាមសមុទ្រ