ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណៈជន អ្នកសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយាមានជ័យ ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក មេត្តាជ្រាបថា៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនដែលរស់នៅជាប់តាមបណ្តោយ ព្រំដែន កម្ពុជា-ថៃ បានធ្វើការតាមដានសភាពការណ៍យ៉ាងយកចិត្តទុក្ខដាក់អំពីស្ថានការណ៍នានាដែលកើតមានឡើង ប៉ុន្តែពេលថ្មីៗនេះ មានហ្វេសបុកផេក ឈ្មោះ «គំនិត ខ្ញុំ » បានធ្វើការចែកចាយរូបភាពលិខិតមួយសន្លឹក ដែលមានភ្ជាប់ ឡូហ្គូ របស់រដ្ឋបាលក្រុង គ្មានលេខ គ្មានកាល បរិច្ឆេទ ដោយបានដាក់ចំណងជើងថា ផែនការជម្លៀសប្រជាជន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បងប្អូនអាន ទាំងអស់គ្នា។ ករណីនេះរដ្ឋបាលក្រុងសូមធ្វើការបំភ្លឺជូនសាធារណៈជន មេត្តាជ្រាបថា រដ្ឋបាលក្រុង ពុំមានចេញ លិខិត ឬសេចក្តីប្រកាសព័ត៌មាន អំពីការជម្លៀស ឬការប្រកាសអាសន្នណាមួយឡើយនឹងសូមធ្វើការបដិសេដ ទាំងស្រុងចំពោះការចុះផ្សាយរបស់ហ្វេសបុកផេកខាងលើ ។
រដ្ឋបាលក្រុងប៉ោយប៉ែត ស្នើម្ចាស់គណនីហ្វេសបុកឈ្មោះ «គំនិត ខ្ញុំ» លុបព័ត៌មានក្លែងក្លាយ និងធ្វើការកែតម្រូវជា បន្ទាន់ ជៀសវាងមានការភាន់ច្រឡំដល់សារណៈជន ពិសេសបងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែត និងសូមបងប្អូន ប្រជាពលរដ្ឋ កុំយកទៅចែកចាយបន្ត ដែលធ្វើឱ្យមានការភ័យខ្លាច ឬបង្ករចលាចលផ្សេងៗ ។
រដ្ឋបាលក្រុងប៉ោយប៉ែត សូមបញ្ជាក់ថា ចំពោះរាល់ព័ត៌មានផ្លូវការរបស់រដ្ឋបាលក្រុង គឺជាលិខិតបទដ្ឋានដែល មានចុះលេខ ហត្ថលេខា និងវាយត្រាត្រឹមត្រូវ ហើយធ្វើការផ្សព្វផ្សាយតែក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន ដែលមានឈ្មោះថា រដ្ឋបាលក្រុងប៉ោយប៉ែត (facebook.com/Adminpoipet)តែប៉ុណ្ណោះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា