ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ចិនចួលរួមចំណែកដល់ការអភិវិឌ្ឍ និងការថែរក្សាសន្តិភាពនៅកម្ពុជា ខណៈដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវត្តរីកចម្រើនទៅមុខឥតឈប់ឈរ។
លោក ជា ធីរិទ្ធ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា មិនអាចកាត់ចេញបាននូវការចូលរួមចំណែកពីប្រទេសចិនបានឡើយ ។ បើចិនមិនចូលរួមចំណែកនោះទេ ប្រហែលជាកម្ពុជាមិនអាចអភិវឌ្ឍន៍លឿនដូចបច្ចុប្បន្ននេះណាស់។ ដោយមិត្តចិនបានជួយកម្ពុជាច្រើនទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលយើងឃើញថា ផ្លូវជាង៣០០០គីឡូម៉ែត្រ និងស្ពានជាច្រើនកន្លែង ។ ហេដ្ឋារចនាសម្ព័ន្ធដែលចិនបានជួយយើងទាំងអស់នោះហើយ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានជួយដល់សេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា។
លោកបញ្ជាក់ថា « ការអភិវឌ្ឍដែលមានការចូលរួមពីភាគីចិននេះឯង គឺជាផ្នែកមួយក្នុងការថែរក្សា និងគាំពារនូវសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា ព្រោះថា កម្ពុជាមានសន្តិភាពហើយ ប៉ុន្តែទាមទារនូវការអភិវឌ្ឍបន្ថែម។ ដូចដែលសម្តេចតេជោហ៊ុនសែន លោកបានធ្លាប់លើកឡើងថាហើយ យើងមានសន្តិភាព ប៉ុន្តែបើគ្មានការអភិវឌ្ឍទេ ក៏មិនអាចថែរក្សាបាននូវសន្តិភាពដែរ។ ដូច្នេះ ការចូលរួមរបស់ចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ជាផ្នែកមួយជួយការពារសន្តិភាពសម្រាប់ប្រទេសកម្ពុជា។ »
អ្នកវិភាគផ្នែកសង្គមមើលឃើញថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ត្រូវបានពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍សន្តិភាពនិយម និងពហុភាគីនិយម សម្រាប់ថែរក្សាយ៉ាងរឹងមាំនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ។ ពង្រឹងចំណងទាក់ទងមេត្រីភាពកាន់តែរឹងមាំ ដែលជាមរតកបន្សល់ទុកពី ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ព្រមទាំងរួមកម្លាំងគ្នា ដើម្បីកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជានិងចិន ក្នុងយុគសម័យថ្មី ៕
ដោយ ៖ សិលា