ប្រទេសថៃ៖ បើតាមការចុះផ្សាយរបស់ Thai PBS នៅថ្ងៃអង្គារទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ ស្រ្តីម្នាក់ ដែលបង្ហោះ Facebook និយាយព័ត៌មានមិនពិតអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ បង្កឲ្យមានការភ័យឆោឡោនៅក្នុងប្រទេសថៃ ត្រូវបានប៉ូលិសខេត្ត Ubon Ratchathani នៃប្រទេសថៃ ចាប់ឃាត់ខ្លួនហើយ។
Thai PBS បាននិយាយថា ស្រ្តីរូបនេះ គឺមានវ័យ៣២ឆ្នាំ បានប្រើ Facebook ឈ្មោះ Lucky Farm បង្ហោះព័ត៌មានក្លែងក្លាយជាច្រើនដូចជាការផ្ទុះនៅតាមព្រំដែន មានមនុស្សស្លាប់ច្រើននាក់និងបញ្ជាជម្លៀសជាដើម ធ្វើឲ្យពលរដ្ឋស្លន់ស្លោ។
ក្រុមអ្នកស៊ើបអង្កេតមកពីនាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា (TCSD) បានតាមដាននាងដល់ផ្ទះមួយនៅឃុំ Kut Lat នៃស្រុកមឿង ខេត្ត Ubon Ratchathani ហើយអំឡុងពេលសាកសួរ នាងសារភាពថា ខ្លួនពិតជាបង្ហោះខ្លឹមសារបំភ័ន្តដោយចេតនាទាក់ទិនបញ្ហាព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់មែន ប៉ុន្តែបដិសេធថា នាងគ្មានទទួលបានកម្រៃអ្វីទេពីការបង្ហោះនោះ។
នាងត្រូវបានតុលាការចេញដីកាចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទចែកចាយព័ត៌មានមិនពិតតាមប្រព័ន្ធកុំព្យូទ័រ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។ គួរបញ្ជាក់ថា បទចោទនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ និង/ឬពិន័យជាប្រាក់រហូតដល់១០ម៉ឺនបាត៕
រូបថត៖ (Thai PBS និងPattaya Mail)