រាត្រីទុក្ខព្រួយ ÷
ខ្ញុំអង្គុយសម្ងំក្នុងលេណរដ្ឋានដ៏តូចចង្អៀតមួយ ដែលមានឈើគ្រាក់គ្របពីលើគំនរយ៉ាងច្រើនសម្រាប់ទុកជារនាំងការពារគ្រាប់។ លេណដ្ឋានរបស់ខ្ញុំនៅសល់តែប្រឡោះតូចមួយនៅចំហៀងខាងមុខសម្រាប់ធ្វើជាផ្លូវលូនចេញចូលក្នុងគ្រាមានអាសន្ន។ លេណដ្ឋាននោះមានរាងជាអក្សរអែល។ នៅខាងក្នុងលេណដ្ឋានងងឹតស្លុបហប់មិនសូវមានខ្យល់ចេញចូលទូលំទូលាយដូចបរិយាកាសនៅខាងក្រៅឡើយ។ តាមកន្លៀតឈើមានសត្វគីង្គក់ជាច្រើនក្បាល។ ក្បែរជើងរបស់ខ្ញុំមានពំនូកដីដែលស្រមោចក្រហមពូនគរដើម្បីយកមកធ្វើជារន្ធទីជម្រកស្នាក់អាស្រ័យ។ មួយផ្នែកទៀតនៅក្នុងលេណដ្ឋាន ខ្ញុំឃើញមានការុងអង្ករ អីវ៉ាន់ និងសម្លៀកបំពាក់មួយចំនួនរាយប៉ាយពាសពេញក្នុងរណ្ដៅ។ ម្ដាយរបស់ខ្ញុំភ័យខ្លាចខ្លាំងពីការបាញ់ប្រហារគ្នារវាងកងទ័ពជាតិនិងកងទ័ពព្រៃនៃសង្គ្រាមខ្មែរតែមួយ។ ដូច្នេះហើយគាត់ចេះតែគ្រវែងអីវ៉ាន់ទាំងអស់នោះចូលឱ្យតែបានបានទៅដោយសេចក្តីភ័យរន្ធត់ពេក។ ដៃរបស់ខ្ញុំចេះតែស្រវ៉ាឱបបង្វិចដោយមិនដឹងថា ជារបស់អ្វីនោះឡើយ។ ក្បាលរបស់ខ្ញុំសុទ្ធតែដី។ នៅពេលមានស្នូរកាំភ្លើងធំម្ដងៗរង្គើរញ័ររញ្ជួយធ្លាក់ដីស្រោចពីលើគំនរឈើដូចដំណក់ទឹកភ្លៀង។ ពុករបស់ខ្ញុំតែងតែយកដីមករោយលើក្បាលរបស់ខ្ញុំ ដោយពោលតិចៗថា សូមព្រះធរណីជួយកូនចៅឲ្យបានផុតពីគ្រោះកាចទាំងឡាយនេះផង។យើងមានសម្លៀកបំពាក់មួយចង្កេះបែកញើសជោកខ្លួន។ឪពុកម្ដាយ បងប្អូន និងញាតិប្រុសស្រីរបស់ខ្ញុំ បានចូលទៅក្នុងលេណដ្ឋាននេះទាំងអស់គ្នា។ ម្នាក់ ៗ និយាយរកគ្នាដោយភាសាខ្សឹបខ្សៀវបែបភ័យខ្លាចផង និងត្រចៀកផ្ទៀងចាំស្ដាប់គ្រាប់កាំភ្លើងផង។ ម្ដងយើងឮសូរគ្រាប់កាំភ្លើងចេញពីទិសខាងជើង ម្ដងឮចេញពីទិសខាងលិចបន្តបន្ទាប់ឆ្លើយឆ្លងគ្នាមិនដាច់សោះ។ ខ្ញុំស្ដាប់ឮម្ដងៗភ័យឈឺដល់ដើមទ្រូង។ ក្លិនដី ក្លិនខ្លួនរបស់មនុស្សម្នាក់ៗ ក្នុងរណ្ដៅនេះ បានធ្វើឲ្យខ្ញុំអាចចំណាំបានថា នរណា ជានរណាយ៉ាងច្បាស់។ សំឡេងគ្រាប់កាំភ្លើងបាញ់តៗគ្នាបានចប់មួយស្របក់ ប៉ុន្តែមនុស្សនៅក្នុងលេណដ្ឋានមិនទាន់មាននរណាម្នាក់ហ៊ានលូនចេញឡើយ។ ថ្ងៃណា ក៏ដូចថ្ងៃណាដែរ ខ្ញុំតែងតែចូលលាក់ខ្លួនក្នុងលេណដ្ឋានរាល់ពេលណាដែលមានការវាយប្រហារគ្នាដោយកាំភ្លើងពីក្រុមអ្នកចម្បាំងខ្មែរទាំងសងខាង។ យូរៗទៅ ចិត្តរបស់ខ្ញុំមិនចង់ចេញពីលេណដ្ឋានឡើយ ចង់តែនៅសោយសុខត្រឹមតែមួយគ្រួសារ មិនចង់បានអ្វីក្រៅពីចង់បានសន្តិភាពឡើយ។ ខ្ញុំនៅក្នុងលេណដ្ឋានជាញឹកញយ។ នៅក្នុងនោះហាក់ធ្វើឲ្យខ្ញុំមានភាពកក់ក្តៅបញ្ជៀសអស់សេចក្តីភ័យខ្លាច ហើយការពារគ្រប់បែបយ៉ាងដល់ខ្ញុំ និងក្រុមគ្រួសារបាន។
យប់កាន់តែងងឹតណាស់ទៅហើយ សំឡេងមនុស្សយំកងរំពងបានបន្លឺឡើងសាជាថ្មីជំនួសឲ្យសំឡេងកាំភ្លើង អមជាមួយសំឡេងឆ្កែព្រុសដេញតាមតាំងពីចុងភូមិខាងជើង រហូតមកដល់មុខផ្ទះរបស់ខ្ញុំ។ ខ្ញុំខំផ្ទៀងត្រចៀកស្ដាប់ដោយស្ងៀមស្ងាត់ស្ទើរតែមិនហ៊ានដកដង្ហើមឡើយ។ បេះដូងរបស់ខ្ញុំលោតខ្លាំងក្នុងទ្រូងដូចកំពុងមានអ្វីបុកចង់ធ្លាយចេញមកក្រៅម្ដងៗ។ អារម្មណ៍របស់ខ្ញុំ ពិតជាភ័យខ្លាចណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ ឪពុករបស់ខ្ញុំនិយាយមករកខ្ញុំ និងអ្នកនៅក្នុងលេណដ្ឋានដោយសេចក្តីព្រួយបារម្ភ។ គាត់បានប្រាប់ម្ដាយរបស់ខ្ញុំបងប្អូនសាច់ញាតិនឹងខ្ញុំថាឲ្យនៅក្នុងលេណដ្ឋាននោះមិនឲ្យចេញទៅណាឡើយ ដរាបណាគាត់ត្រឡប់មកវិញ។ បន្ទាប់ពីនិយាយរួច ឪពុករបស់ខ្ញុំបានលូនចេញទៅខាងក្រៅលេណដ្ឋានសរសៀរតាមគុម្ពចេកទៅក្បែរដើមទឹកដោះ និងអែបៗ ជិតជង្រុកស្រូវដើម្បីតាមរកមើលសំឡេងយំ។
សកម្មភាពរបស់គាត់ដូចគ្រាមានអាសន្នថ្ងៃមុនៗអ៊ីចឹង។ គាត់យល់យ៉ាងជាក់ច្បាស់រួចហើយទើបគាត់ត្រឡប់មកប្រាប់ដល់ខ្ញុំ និងអ្នកនៅក្នុងលេណដ្ឋានឲ្យចេញមកក្រៅ រួចរៀបចំអីវ៉ាន់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីធ្វើដំណើរចេញពីផ្ទះសម្បែងក្នុងភូមិក្រសាំងទាំងយប់ ទៅទីលំនៅថ្មីនៅឯស្រុកចុងកាល់តាមការជម្លៀសរបស់កងទ័ពខ្មែរក្រហម។ខ្ញុំស្ទុះចេញពីក្នុងរណ្ដៅយ៉ាងប្រញាប់ រួចរត់ទៅយករបស់របរបន្តិចបន្តួចដាក់លើរទេះគោ។ ឪពុករបស់ខ្ញុំដឹកគោយកមកទឹមរទេះ។ ចំណែកឯម្ដាយរបស់ខ្ញុំដៃម្ខាងពប្អូនប្រុសរបស់ខ្ញុំនឹងដៃម្ខាងទៀតកាន់ភ្លើងចន្លុះដើរមុខរទេះដើម្បីបំភ្លឺផ្លូវ។ បងប្អូនក្នុងភូមិហៅរកគ្នាមកប្រជុំនៅខាងមុខផ្ទះរបស់ខ្ញុំរួចបររទេះចេញទៅទាំងយប់ងងឹតជាមួយគ្នា។ ខ្ញុំក្រឡេកមើលផ្ទះជាច្រើនដង ប៉ុន្តែដោយសារយប់ងងឹតពេក ហើយរទេះគោបរចេញទៅកាន់តែឆ្ងាយខ្ញុំក៏មើលផ្ទះរបស់ខ្ញុំលែងឃើញទៀត។ ទឹកភ្នែករបស់ខ្ញុំស្រក់មកដោយមិនដឹងខ្លួនក្នុងយប់ងងឹតឈឹង ហើយគ្មាននរណាម្នាក់បានឃើញ និងដឹងឡើយ។
រាល់ថ្ងៃខ្ញុំតែងតែយំរងំក្នុងចិត្តត្បិតតឹងទ្រូងនឹងសង្គ្រាមដ៏រ៉ាំរ៉ៃនេះណាស់។ ខ្ញុំតែងតែបង្កើតសំណួរគ្មានចម្លើយសួរខ្លួនឯងជាច្រើនដងរាប់មិនអស់ថា តើហេតុអ្វីបានជាមានសង្គ្រាម? ហេតុអ្វីបានជាគេចង់ប្រហារអ្នកដទៃទៅវិញ ទាំងដែលអ្នកដទៃក៏ចង់មាន ចង់បានដូចជាខ្លួនឯងផងដែរនោះ? តើភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ ពិតជាចាំបាច់ត្រូវតែធ្វើសង្គ្រាមកាប់សម្លាប់ជីវិតគ្នាឯង អ៊ីចឹងមែនទេ?
រទេះគោចេះតែបន្តដំណើរទៅមុខជានិច្ច ទោះបីជាឆ្លងកាត់ភក់ជ្រាំទាំងកណ្ដាលយប់ងងឹតក៏ដោយ។ ខ្ញុំអង្គុយ ងុយងោកលើរទេះ ហើយទោះបីជាត្រូវដីខ្ទាតចេញពីកង់រទេះមកស្រោចលើខ្លួនរបស់ខ្ញុំយ៉ាងណាក៏ដោយ។ ខ្ញុំហាក់មិនចាប់អារម្មណ៍ថា ជាបញ្ហាធំរបស់ខ្ញុំឡើយ។ អ្វីដែលជាបញ្ហារបស់ខ្ញុំនាពេលនេះ គឺជីវិតអនាគតរបស់ខ្ញុំថាតើត្រូវរសាត់អណ្ដែតទៅដល់ទីណា? គ្មានអ្នកណាអាចដឹង និងបកស្រាយបានឡើយ។ (នៅមានត)