ខេត្តកំពង់ស្ពឺ÷ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងអភិបាលខេត្តកំពង់ស្ពឺ ក្រោមក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៧ មិថុនា ២០២៥ កន្លងទៅកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញឹម ចំរើន ភេទប្រុស អាយុ ៤០ឆ្នាំ នៅ ភូមិវាលធំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរឹបអូសបាន វត្ថុតាង ក្រាមស័ង្កសីពណ៌សថ្លា ១៥កញ្ចប់ (៨៤.៥៦ក្រាម) ទូរស័ព្ទ ២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ១, ដាវ ១ដើមម៉ូតូ ១គ្រឿង, សម្ភារៈប្រើគ្រឿងញៀន, គ្រាប់កាំភ្លើងខ្យល់ ៤គ្រាប់។
ជាមួយគ្នានេះកាលពីថ្ងៃទី ៨ មិថុនា ២០២៥កន្លងទៅ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក៏បានឃាត់ ជនសង្ស័យម្នាក់ផ្សេងទៀត ឈ្មោះ កែវ ពេជ្រស្រីតី ហៅ គីម, ភេទស្រី អាយុ ៤៥ឆ្នាំ នៅខាងក្រោមស្ពានអូរចោទ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ដោយរឹបអូសបាន វត្ថុតាង ក្រាមស័ង្កសីពណ៌សថ្លា ២កញ្ចប់ (២០៣.៣៤ក្រាម) ទូរស័ព្ទ ៣គ្រឿង, ប្រាក់ ៣១០,០០០រៀល និង ៣០ដុល្លារ គ្រឿងអលង្ការ និងនាឡិកាដៃ។
បន្ថែមលើការបង្រាបជនសង្ស័យទំាងពីរខាងលើ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បន្តការស៊ើបអង្កេតដល់រាជធានីភ្នំពេញ ដោយក្នុងនោះកាលពីថ្ងៃទី ៩ មិថុនា ២០២៥ ឃាត់ខ្លួនបាន ជនសង្ស័យទី៣ ឈ្មោះ ឃុន មនោថៃ ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នករត់កង់បី) ស្នាក់នភ ផ្ទះរបស់កែវ ពេជ្រស្រីតី ខណ្ឌសែនសុខ រឹបអូសបានវត្ថុតាង ក្រាមស ២កញ្ចប់, ជញ្ជីងអេឡិចត្រូនិក, ម៉ូតូកង់បី, ទូរស័ព្ទ ជាមួយនេះ ជនសង្ស័យទី៤ ឈ្មោះ វែន សុខចំរុង ភេទប្រុសស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៣២ ផ្លូវ ១០៩ ខណ្ឌ៧មករា ក៍ត្រូវបានចាប់ខ្លួនពាក់ព័ន្ឋនឹងគ្រឿងញៀនដែរ។
បច្ចុប្បន្នជនសង្ស័យទាំង ៤រូប និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕