អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកវិន័យ និងសីលធម៌ គឺជាគ្រូ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការសិក្សានិងជីវភាពរស់នៅក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញបិទវគ្គចុះកម្មសិក្សារបស់សិស្ស និស្សិតនិងសមណនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២៥ នេះនៅទីស្តីការក្រសួងព័ត៌មាន។ ជាមួយគ្នានោះ លោក ក៏បានបង្ហាញមោទនភាព ដែលលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តួចផ្តើមបង្កើតឱ្យមានកម្មវិធីបំពេញកម្មសិក្សាពីសំណាក់សិស្ស និស្សិត មកពីគ្រឹះស្ថានឯកជននានា នៅតាមអគ្គនាយកដ្ឋាន និងនាយកដ្ឋានសំខាន់ៗចំណុះក្រសួងព័ត៌មាន ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធទៅដល់ស្រទាប់យុវជន ទុកជាពុទ្ធិក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាបំពេញការងារក្រោយបញ្ចប់ការសិក្សានៅតាមសាលា។

លោក អ្នកនាំពាក្យបានបញ្ជាក់ជូនទៀតថា នេះជាលើកទី៦ហើយ ដែលក្រសួងព័ត៌មាន បានបើកវគ្គកម្មសិក្សាដែលមាន សិស្ស និស្សិតនិងសមណនិស្សិត មកពីគ្រឹះស្ថានឯកជនជាច្រើនអង្គ\នាក់ បានចូលមកបំពេញកម្មសិក្សា ដោយទទួលបានចំណេះដឹងមួយចំនួនដែលពួកគេមិនធ្លាប់បានដឹង និងមិនធ្លាប់បានឃើញពីមុនមក សម្រាប់ទុកជាមូលដ្ឋានស្រាវជ្រាវ ក៏ដូចជាបទពិសោធ និងបានយកទៅចែករំលែកដល់ស្រទាប់យុវជន និងមហាជនគ្រប់មជ្ឈដ្ឋាន ពិសេសពីរបៀបរៀបចំកម្មវិធីផ្សព្វផ្សាយព័ត៌មានរបស់អគ្គនាយកដ្ឋានជំនាញ និងរបៀបទទួលព័ត៌មានបានត្រឹមត្រូវពីបណ្តាញសង្គម ចៀសវាងការទទួលពីព័ត៌មានមិនពិតនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួននិងសង្គមជាតិ។

លោក អនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់និស្សិត និង សមណនិស្សិតដែលបានចុះមកបំពេញកម្មសិក្សានៅទីនេះ សូមយកចំណេះដឹង ឬបទពិសោធដែលខ្លួនទទួលបាន ទៅចែករំលែកដល់និស្សិតដទៃទៀត និងយកធ្វើជាគំរូសម្រាប់វាស់វែង ក្នុងការធ្វើផែនការសិក្សាឱ្យបានត្រឹមត្រូវ និងធ្វើជាពុទ្ធិសម្រាប់ការងារទៅថ្ងៃអនាគត។

ទន្ទឹមគ្នានោះ សមណនិស្សិត និង និស្សិត បានបង្ហាញចំណាប់អារម្មណ៍និងក្តីរីករាយ ដែលបានមកធ្វើកម្មសិក្សានៅក្នុងកន្លែង ដែលខ្លួនតែងស្រមៃចង់ឃើញដោយផ្ទាល់ ហើយមានឱកាសបានសាកល្បងអនុវត្តជាក់ស្តែងការងារមួយចំនួន ពីរៀមច្បងដែលមានចំណេះជំនាញ ទាំងនៅអគ្គនាយកដ្ឋានសោតទស្សន៍ នៅក្នុងអគ្គនាយកដ្ឋានទីភ្នាក់ងារកម្ពុជា អាកាប៉េ នៅទូរទស្សន៍ជាតិកម្ពុជា និងនៅវិទ្យុជាតិកម្ពុជា ដោយបានមើលឃើញនូវដំណាក់កាលប្រមូល ចងក្រង ការផលិតព័ត៌មាន និងដំណាក់ការផ្សព្វផ្សាយជាក់ស្តែង ដើម្បីបានរួមចំណែកក្នុងការចែកចាយនិងដុះខាតបន្ថែមទៀត សម្រាប់បញ្ចប់ការសិក្សារបស់ខ្លួន។

លោក បានផ្តល់ឱកាសដល់និស្សិត និងសមណនិស្សិត ដែលមានបំណងចង់ហាត់ការនៅក្នុងអគ្គនាយកដ្ឋានជំនាញណាមួយ គឺអាចដាក់ពាក្យតាមរយៈសាលា ឬតាមរយៈខ្លួនឯងផ្ទាល់ ហើយក្រុមការងារនឹងរង់ចាំស្វាគមន៍ដោយរាក់ទាក់និងភាពកក់ក្តៅបំផុត៕

ប្រភព ៖ «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print