ភ្នំពេញ ៖ ប្រសិនបើថ្ងៃនេះ យោធាថៃ មិនបើកឱ្យដំណើរការព្រំដែនវិញទេ ចាប់ពីថ្ងៃស្អែកទៅ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ ! នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធាន បក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សារពិសេស នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ កម្ពុជាមានលទ្ធភាពចំពោះការបិទមិនឱ្យការនាំទំនិញថៃមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើច្រកព្រំដែនមិនត្រូវបានថៃឱ្យប្រើប្រាស់ជាឯកតោភាគីឱ្យប្រើប្រាស់ឡើងវិញ។ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម ខណៈសម្ដេចបានបញ្ជាក់ថា បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ នៅថ្ងៃស្អែកលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ។
សម្ដេចតេជោ បញ្ជាក់ថា ៖ ថ្ងៃនេះ តាមពិតត្រូវបិទច្រកព្រំដែនទាំងអស់នៃការនាំចូលទំនិញពីប្រទេសថៃ។ កម្ពុជាពន្យារពេល២៤ម៉ោងទៀត។ បើថ្ងៃនេះភាគីថៃមិនអនុវត្តតាមកិច្ចចរចា កម្ពុជានឹងបិទច្រកទ្វារទាំងស្រុង ៕