ខេត្តពោធិ៍សាត់ ៖ លោក សេង សុងលី នាយខណ្ឌរដ្ឋជលផលស្ដីទី បានឲ្យដឹងនាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះថា ព្រឹកនេះ! ដើម្បីធានាក្នុងការស៊ើបអង្កេតឲ្យបានល្អ លោក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្ដេចចេញដីកាបង្គាប់ទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនៃកម្លាំងសាធារណៈ ឲ្យនាំខ្លួនជនត្រូវចោទជនជាតិវៀតណាមចំនួន០៤នាក់ ទៅឃុំខ្លួនជាបណ្ដោះអាសន្ន ខណៈក្រុមជនទាំងនេះកំពុងធ្វើនេសាទ លក្ខណៈគ្រួសារក្នុងកន្លែងអភិរក្សជលផល ហើយត្រូវកម្លាំងយោធា(ភូមិភាគ៥)ធ្វើការបង្ត្រាប ប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលជលផល កំសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ។
លោក នាយខណ្ឌរដ្ឋជលផលស្ដីទីឲ្យដឹងទៀតថា ជនត្រូវចោទជនជាតិវៀតណាមត្រូវបានឃុំខ្លួន ទី-១ ឈ្មោះ ង្វៀង យ៉ាំងជុយ ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទី-២ ឈ្មោះ ចាំង យ៉ាំងតាំ ភេទប្រុស អាយុ ២១ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ ភូមិ.ឃុំជាមួយគ្នា ទី-៣ ឈ្មោះ ង្វៀង យ៉ាំងថៃ ភេទប្រុស អាយុ ២៣ឆ្នាំ និងទី-៤ ឈ្មោះ ង្វៀង យ៉ាំងយូ ភេទប្រុស អាយុ ៤០ឆ្នាំ អ្នកទាំង០២នាក់នេះ បច្ចុប្បន្ន ស្នាក់នៅ ផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកោះក្អែង ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ឲ្យដឹងបន្ថែមទៀតថា ជនត្រូវចោទដែលបានឃុំខ្លួនទាំងចំនួន០៤នាក់នេះ បានធ្វើនេសាទលក្ខណៈគ្រួសារជាក់ស្ដែង ក្នុងកន្លែងអភិរកសជលផល(រាំងទិល)ហើយត្រូវបានកម្លាំងបង្រ្កាបបទល្មើសធនធានធម្មជាតិ(យោធា)ភូមិភាគ៥ ចាប់បញ្ជូនមកឲ្យមន្រ្តីជំនាញបំពេញសំណុំឯកសារ រួមទាំងវត្ថុតាង កាណូតបាឡាស្មាច់ចំនួន០២គ្រឿង ម៉ាស៊ីន ខ្យល់ ១គ្រឿង សន្ទូចរនងចំនួន៣៥០០ផ្លែ មងរាយប្រវែង៣០០០ម៉ែត្រ វត្ថុតាងកាណូត និងឧបករណ៍ផ្សេងៗ មន្ត្រីជំនាញរដ្ឋជលផលរក្សាទុកជាបណ្ដោះអាសន្ន ៕
ដោយៈ ប៉ឹម ពិន