មានពលរដ្ឋនិងកូនចៅជនជាតិដើមភាគតិចជាច្រើននាក់ក្លាយជាថ្នាក់ដឹកនាំនិងជាមន្រ្តីនគរបាលជាតិនៅខេត្តរតនគិរី!

ចែករំលែក៖

ភ្នំពេញ ៖ មិនចម្លែកពេកនោះឡើយ ដែលខេត្តរតនគិរី ភាគឦសានប្រទេស មានពលរដ្ឋខ្មែរជាជនជាតិដើមភាគតិចកំពុងបំពេញការងារ ទាំងរាជការស៊ីវិល និងកងកម្លាំង រួមទាំងកម្លាំងនគរបាលជាតិ។ ក្នុងជួរនគរបាលជាតិ អាចមានសាធារណជនខ្លះចង់ដឹងថាពីស្ថានភាពទូទៅនៃការបំពេញការងាររបស់ពលរដ្ឋខ្មែរជាជនជាតិដើមភាគតិចទាំងនោះ ដូចជាចំនួន មុខតំណែង និងលក្ខណៈពិសេសមួយចំនួនទៀតជាដើម។

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី  បានមានប្រសាសន៍ថា ក្រោមមាគ៌ានយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្នខេត្តរតនគីរីមានមន្ត្រីនគរបាលជាតិ ជាជនជាតិដើមភាគតិចសរុបចំនួន៣០៥នាក់ ស្រីចំនួន២១នាក់ ដោយមន្ត្រីទាំងអស់នោះ បាននិងកំពុងបម្រើការងារទាំងនៅស្នងការ អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋាន។

ថ្លែងប្រាប់ក្រុមការងារព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកស្នងការបន្តថា មន្ត្រីនគរបាល ជាជនជាតិដើមភាគតិច ដែលកំពុងបម្រើការនៅក្នុងខេត្តរតនគីរី មានដូចជា ជនជាតិទំពួង គ្រឹង កាចក់ ចារាយ ព្រៅ កាវ៉ែត និងជនជាតិក្រាល ជាដើម។ លោកបានបន្តទៀតថា “ក្នុងចំណោមនោះ ពួកគាត់បានកាន់តំណែងជាអ្នកដឹកនាំ ចំនួន២៨នាក់ រាប់ចាប់តាំងពីនាយប៉ុស្តិ៍រហូតដល់នាយការិយាល័យ ក្នុងនោះមាននាយប៉ុស្តិ៍ចំនួន២៣នាក់”។

រតនគិរី ជាខេត្តមួយស្ថិតក្នុងភូមិភាគឦសានសម្បូរទៅដោយព្រៃភ្នំ ជ្រោះជ្រលងដងអូរ ព្រមទាំងមានបងប្អូនជនជាតិដើមភាគតិចជាច្រើនជនជាតិរស់នៅ។ បើតាមលោកស្នងការ មន្រ្តីនគរបាលជាជនជាតិដើមដែលបានកំពុងបំពេញការងារតាមប៉ុស្តិ៍នគរបាល បទពិសោធបានបង្ហាញច្បាស់ថា ពួកគាត់មានភាពស៊ាំនឹងបរិបទវប្បធម៌ និងភាសាក្នុងតំបន់ និងស្រួលទំនាក់ទំនងជាមួយសហគមន៍ជនជាតិដើមភាគតិចដូចគ្នាជាដើម។

នៅពេលដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ដល់អាទិភាពប្រឡងជ្រើសរើសកូនចៅអ្នកស្រុកឱ្យបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងអង្គភាពផ្សេងៗក្នុងមូលដ្ឋាននោះផ្ទាល់ សម្រាប់ខេត្តរតនគិរី លោកស្នងការឱ្យដឹងថា ការងារនេះអនុវត្តបានលទ្ធផលល្អប្រសើរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ពិសេសពលរដ្ឋតាមមូលដ្ឋានផ្ទាល់។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ លទ្ធផលនៃប្រឡងជ្រើសរើសយកកូនចៅអ្នកស្រុកសម្រាប់ខេត្តរតនគីរី កាលពីពេលកន្លងទៅនេះ គឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ៦នាក់ អធិការដ្ឋាន១៥នាក់ ការិយាល័យជំនាញ ២០នាក់ និងវរនគរបាលការពារព្រំដែន៨១នាក់៕

...

ដោយ ៖ លោក សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print