ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងពិធីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ ដោយមានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ។
មានប្រសាសន៍លើកឡើងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកអំពីសវតានៃការបង្កើតឡើងនៃសហព័ន្ធស្រូវអង្ករកម្ពុជាកាលពី១០ឆ្នាំមុន ដោយមើលឃើញបញ្ហាប្រឈមចំពោះមុខដែលវិស័យឯកជននៅមានភាពទន់ខ្សោយនៅឡើយ និងខ្វះស្ថាប័នដែលមានភាពជាតំណាងហើយរឹងមាំទៀតសោត ក្នុងនាម លោកផ្ទាល់បានសម្រេចចិត្តស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីធ្វើកំណែទម្រង់វិស័យឯកជនមួយនេះ និងបានបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជានេះឡើង។ ជាលទ្ធផលឃើញថាការធ្វើកំណែទម្រង់នេះបានធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាមានប្រសិទ្ធភាព និងវឌ្ឍនភាពល្អគួរឱ្យកោតសរសើរលើគ្រប់ខ្សែច្រវាក់ផលិតកម្ម និងតម្លៃ។
វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដែលរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគដោយបាននាំចេញអង្ករចំនួនជាង ៦៥១ពាន់តោន និងស្រូវចំនួនជាង ៥,១លានតោននៅឆ្នាំ២០២៤ ដែលផ្តល់ចំណូលសរុបចំនួនជាង ១ ៩៨៧លានដុល្លារសហរដ្ឋអាម៉េរិក។
វិស័យនេះបានទាញយកការវិនិយោគពីវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងបានជំរុញឱ្យវិស័យនេះមានការវិនិយោគយ៉ាងគំហុកពីរោងម៉ាស៊ីនកិនស្រូវមានចំនួនមិនដល់ ១០ទីតាំង បានកើនឡើងរហូតដល់ទៅជាង ៨០ទីតាំង ដែលមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោក។
សមិទ្ធផលដ៏ល្អរបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងរយៈពេល ១០ឆ្នាំនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្រោមគោលនយោបាយដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយចាប់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងក្រសួងស្ថាប័នពាក់ព័ន្ធជំរុញឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិក្នុងការនាំចេញអង្ករ ដែលថ្នាក់ដឹកនាំយើងបានប្រសិទ្ធនាមថា “អង្ករ-មាសស”។
ស្របនឹងប្រធានបទនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ជម្រាបជូនអំពីអត្ថប្រយោជន៍យ៉ាងវិសេសវិសាលរបស់គម្រោងព្រែកជីកហ្វូណនតេជោ ដែលក្រោយពីការសាងសង់រួច នឹងជាចំណែកមួយនៃប្រព័ន្ធភស្ដុភារកម្មកម្ពុជាដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិបានកាន់តែឆាប់រហ័ស ជំរុញពន្លឿនខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានជាអាទិ៍ផលិតផលស្រូវអង្ករជាដើម។
មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងការកោតសរសើរជាថ្មីដល់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៤នេះ ដែលបានខិតខំដឹកនាំស្ថាប័នមួយនេះឱ្យបន្តនូវនិរន្តរភាព ពង្រឹងបាននូវសាមគ្គីភាព និងបង្កើតបាននូវសមិទ្ធផលជាច្រើន៕
ដោយ៖ស តារា