ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅភាគីថៃថា ថៃជាអ្នកបិទព្រំដែនជាឯកតោភាគី ដូច្នេះសូមយោធាថៃបើកជាឯកតោភាគីវិញចុះ ព្រោះកម្ពុជាមិនមែនជាអ្នកចាប់ផ្តើមមុនទេ។ ប្រសិនបើយោធាថៃព្រមបើកវិញជាឯកតោភាគី នោះ៥ម៉ោងក្រោយគឺ កម្ពុជានឹងបើកវិញភ្លាម។
ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃអង្គារទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមានបំណងណាមួយធ្វើឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទាំងពីរ ប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែននោះទេ ពោលគឺរឿងគ្រប់យ៉ាងបណ្តាលមកពីយោធាថៃជាអ្នកចាប់ផ្តើមមុន។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើទៅប្រជាជននិងកសិករថៃថា បើសិនមានការលំបាកចំពោះការនាំទំនិញមកប្រទេសកម្ពុជា សូមប្រាប់ទៅយោធាថៃឱ្យបើកច្រកព្រំដែនវិញចុះ ព្រោះយោធាថៃគឺជាអ្នកដែលបិទជាឯកតោភាគីកាលពីពេលកន្លងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំថា យោធាថៃគួរតែបង្ហាញសុឆន្ទៈ បំពេញបុរេលក្ខខណ្ឌ ដោយបើកច្រកព្រំដែនវិញ បើសិនជាខ្លួនគិតគូរពីផលប្រយោជន៍ប្រជាជនថៃខ្លួនឯងនោះ។
នាយករដ្ឋមន្រ្តីកម្ពុជា ជូនសារទៅថៃថា ចង់ឲ្យស្ថានភាពវិលដូចដើមវិញ គឺសាមញ្ញទេ! ទាហានដែលបិទច្រកព្រំដែនឯកតោភាគី បើកឡើងវិញទៅ កម្ពុជានឹងបើកតាមក្រោយ!
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តីមេយោធាជើងគោកភូមិភាគ២របស់ថៃ ដែលប្រកាសឱ្យកម្ពុជា «វ៉ៃយកដី» ជាសម្តីបញ្ឆេះសង្គ្រាម។ កម្ពុជា មិនមែនជាអ្នកសង្គ្រាមនិយមនោះទេ ព្រោះកម្ពុជា ធ្លាប់ជួបសង្គ្រាម តែមិនឱ្យនរណាជាន់នោះឡើយ ៕
ដោយ ៖ សិលា