ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរទេវី បានធ្វើដំណើរចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកវិញហើយ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ បន្ទាប់ពីការសម្ដែងនិងសាកសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់ ក្នុងរយៈពេល២សប្តាហ៍មក។
តារាសម្តែងអ្នកនាង អម្ពរ ទេវី បានមកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ដើម្បីមកសាកសួរសុខទុក្ខអតីតស្វាមី ពិសេសនាងសម្រេចចិត្តថតខ្សែភាពយន្តខ្នាតធំរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា។ តាមគម្រោងអ្នកស្រីបានបញ្ចប់ការថតនៅថ្ងៃទី២៥ ខែសីហា ។
មុនពេលចាកចេញអ្នកស្រីបានបង្ហាញអារម្មណ៍នឹករលឹកទៅដល់អ្នកគាំទ្រ និងសោកស្តាយចំពោះការមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមកម្មវិធីរបស់ផលិតករនៅកម្ពុជាមួយចំនួន។ ទោះជាយ៉ាងណាអ្នកស្រីនៅតែបង្ហាញអារម្មណ៍រីករាយ ក្នុងការវិលមកកាន់ការងារសិល្បៈជាថ្មីប្រសិន បើឱកាសល្អណាមួយផ្តល់ឲ្យ ហើយនាងថ្លែងអំណរគុណចំពោះទឹកចិត្តគាំទ្ររបស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ហើយនាងរំពឹងថា ខ្សែភាពយន្តថ្មីនេះនឹងចូលរួមបម្រើអារម្មណ៍ទស្សនិកជននៅពេលដាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ដែរថា អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បានបាត់មុខពីការសម្តែងអស់រយៈពេលជាង១៥ឆ្នាំមកហើយ ។ គេនៅចាំបានថា វត្តមានតារាសម្តែង អម្ពរ ទេវី បានធ្វើឲ្យអ្នកទស្សនាចាំមិនភ្លេចព្រោះតែនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងវិស័យសម្តែងភាពយន្ត។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាង អម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗរួមមានរឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល» ជាដើម។ បច្ចុប្បន្នអ្នកនាង អម្ពរ ទេវី កំពុងរស់នៅទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ និងកូនស្រីឈ្មោះ ភិរុណ លក្ស្មីទេវី ។ នាងបានរៀបការជាមួយស្វាមីថ្មីដែលមានចំណងដៃកូនស្រីម្នាក់មានវ័យ៦ឆ្នាំហើយដែរ។
ខាងក្រោមនេះគឺជាបទសម្ភាសន៍របស់អ្នកសារព័ត៌មានយើងជាមួយនឹងអ្នកស្រីអម្ពរទេវី នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលអ្នកស្រីចេញដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិក៖
ដោយ៖ វឌ្ឍនា