ភ្នំពេញ៖ តារាសម្តែងនិងចម្រៀងថៃកញ្ញា Pancake បានបង្ហាញខ្លួននិងចូលរួមច្រៀងធ្វើឲ្យកក្រើកទាំងកណ្ដាលរាត្រីតែម្ដង កាលពីថ្ងៃទី២៧ ខែសីហា ក្នុងក្លឹប RCA ស្ថិតនៅទល់មុខស្ថានីយទូរទស្សន៍អប្សរា។ វត្តមានរបស់នាង បានធ្វើឲ្យក្លឹបរាត្រីមួយនេះ កកកុញដោយភ្ញៀវកិត្តិយស ខណៈដែលតារាសិល្បៈយ៉ាងច្រើនកុះករ ក៏បានបង្ហាញខ្លួនអបអរចំពោះវត្តមានរបស់តារាថៃល្បីឈ្មោះរូបនេះ។
លោក ឡុង ប៊ុនហេង ជាតារាសម្ដែង និងជាអ្នករៀបចំកម្មវិធីសិល្បៈប្រចាំក្លឹប RCA បានបញ្ជាក់ថា ក្រោយការពង្រីក និងកែលម្អក្លឹបជាថ្មី ក្លឹបរបស់លោកក៏សម្រេចចិត្តបើកទទួលភ្ញៀវ និងបានអញ្ជើញតារាចម្រៀងថៃដ៏ល្បី គឺកញ្ញា Pancake ក្នុងតម្លៃខ្លួនខ្ពស់ឲ្យមកច្រៀង កាលពីរាត្រីថ្ងៃទី២៧ ខែសីហា។ លោកថា វត្តមានរបស់នាងមានអ្នកចូលរួមរហូតដល់ជាង៧០០នាក់ ដោយអាចនិយាយបាន គឺមិនមានកន្លែងទទួលភ្ញៀវ ដែលជាមួយគ្នាក្នុងនោះ វត្តមានតារាសិល្បៈខ្មែរ ចូលរួមកាលពីយប់នោះ ក៏ច្រើនផងដែរ។ លោកបន្តថា តារាថៃ Pancake មកច្រៀងនៅក្នុងក្លឹបរបស់លោក មិនមែនជាលើកទី១នោះទេ ដោយនាងមកច្រៀងជាលើកទី៣ហើយ។ លោកថា វត្តមានរបស់នាងមកច្រៀងមួយលើកៗ គឺរមែងទាក់ទាញអ្នកចូលចិត្តទស្សនាជាច្រើន ដោយគ្រាន់តែដំណើរមកច្រៀងលើកនេះ ហាក់កក្រើកជាងមុន និងធ្វើឲ្យភ្ញៀវមានឱកាសរាំរែកយ៉ាងកងរំពងក្នុងពិធីជួបជុំនោះជាមុន ស្របនឹងក្លឹប RCA ត្រូវបានកែលម្អខុសពីមុនប៉ុណ្ណោះ។ លោក បន្ថែមថា ក្លឹប RCA កាលពីមិនទាន់ពង្រីក និងកែលម្អ រមែងទាក់ទាញវត្តមានតារាចម្រៀងល្បីៗទាំងខ្មែរ ឲ្យមកកម្សាន្ត ហើយដោយសារតែហេតុផលមិនមានកន្លែងទទួលភ្ញៀវគ្រប់ពេលតារាចម្រៀងបរទេសមកចូលរួម ទើបសម្រេចផ្អាកមួយរយៈ ដើម្បីកែកុន ពង្រីកក្លឹបនេះជាថ្មី។
កញ្ញា Pancake បានបញ្ជាក់ថា នេះគឺជាលើកទី៣ហើយដែលកញ្ញា បង្ហាញវត្តមាននៅក្នុងក្លឹបកម្សាន្តខាងលើ។ កញ្ញាបញ្ជាក់ថា នាងពិតជារីករាយ និងពេញចិត្តនូវភាពរួសរាយរាក់ទាក់ ស្វាគមន៍របស់ប្រជាជនកម្ពុជា។ រយៈពេលមួយថ្ងៃដែលនាងមកដល់កម្ពុជានាងបានចូលរួមថតឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ការច្រៀងសម្រាប់កម្មវិធីមនុស្សធម៌ និងការច្រៀងនូវបទចម្រៀងសម្រាប់អ្នកគាំទ្រនៅក្លឹបកម្សាន្តRCAនេះផងដែរ។ នាងរំពឹងថា ទស្សនិកជននឹងពេញចិត្ត និងបន្តការគាំទ្រការសម្តែង របស់នាងកន្លងមក ហើយនាងរំពឹងថានៅឱកាសក្រោយទៀតនាងនឹងមានវត្តមានជាថ្មីលើទឹកដីកម្ពុជា៕
ដោយ៖ វឌ្ឍនា