ខេត្តកណ្តាល៖ បុរសម្នាក់ ជាមុខសញ្ញាលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ខណៈកំពុងប៉ុនប៉ងកាច់សោរម៉ូតូ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ មិថុនា ២០២៥ វេលាម៉ោង ១៦និង:៤០នាទីរសៀល នៅស្ថានីយ៍ប្រេង សាំង PTT ភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហួន ចាន់ធួន ប្រុសអាយុ៣០ឆ្នាំ រស់នៅស្រុកគិរីវង់ ខេត្តតាកែវ។ រូបគេមានសារធាតុញៀនក្នុងទឹកនោម (+)។ ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ សោរាងអក្សរតេ (T) ១ ភ្ជាប់ជាមួយដែកជ្រុងមានមុខសំប៉ែតមួយ ១,ទូរស័ព្ទដៃម៉ាកសាមសុង ពណ៌ ខ្មៅ១គ្រឿង, កូនសោម៉ូតូ ១,និងកូនសោទ្វារបន្ទប់ ៣។
លោកអធិការបន្តថា នៅវេលាកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ងលួចកាច់សោរម៉ូតូនៅស្ថានីយ៍ប្រេងសាំងខាងលើ។ បុគ្គលិកស្ថានីយ៍លក់សាំងមានការសង្ស័យ ក៏ហៅសួរនាំ និងពិនិត្យមើលឃើញឧបករណ៍សម្រាប់កាច់សោរម៉ូតូ។ ភ្លាមនោះ ក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ព្រៃពួច ហើយបាននាំជនសង្ស័យ និងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរ នាំបន្ត។
លោកអធិការបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជន សង្ស័យបានសារភាពថា ខ្លួនជួលផាស់អេបជិះចេញពីទីរួមខេត្តកំពង់ស្ពឺ ឆ្ពោះទៅការ៉ាសសាំង PTTនៅចំណុចកើតហេតុដើម្បីធ្វើសកម្មភាពលួចម៉ូតូ ពេលទៅដល់កំពុងតែរកមើលម៉ូតូដែលត្រូវលួចក៏ត្រូវគេឃាត់ខ្លួនសួរ នាំបានតែម្ដង។ ចំពោះទីតាំងការ៉ាសសាំង PTT នោះ កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូបាន ២ លើក គឺនៅថ្ងៃទី២៧ មេសា ២០២៥ (លក់បាន ២០០ ដុល្លារ) និងថ្ងៃទី១៥ ឧសភា ២០២៥ (លក់បាន ៣០០ ដុល្លារ)។ លុយដែលលក់ម៉ូតូបាននោះខ្លួនបានចាយអស់ហើយ និងខ្លួនចេះប្រើប្រាស់សារធាតុញៀនប្រហែល ១ឆ្នាំ ហើយ។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕