ទីក្រុងបាងកក ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សរបស់លោកបានប្រកាសដកខ្លួនចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ។ លោក Paradorn Prissananantakul អនុប្រធាន ទី ២ រដ្ឋសភាថៃ មកពីគណបក្ស Bhumjaithai បានប្រកាសលាលែងពីតំណែង ។
តាមការចុះផ្សាយរបស់ The Nation លោក Paradorn បានបញ្ជាក់ថា លោក បានដាក់ពាក្យ លាលែងពីតំណែងជា អនុប្រធានសភា ដោយមានប្រសិទ្ធភាព ភ្លាមៗ។ ការលាលែងនេះ គឺដើម្បីផ្លាស់ប្តូរជំហរទៅជាអ្នកប្រឆាំងវិញ ។
ការលាលែងនេះ ក៏ជាផ្នែកមួយនៃការតវ៉ា ចំពោះគណបក្សភឿថៃ ដែលមានបំណង រុះរើគណៈរដ្ឋមន្ត្រីដោយស្នើដកក្រសួង មហាផ្ទៃ ពីគណបក្សBhumjaithai ដែលគ្រប់គ្រងដោយលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
ដោយ ៖ សិលា