ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជា បាននាំចេញមុខទំនិញនានាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មានទំហំទឹកប្រាក់ប្រមាណ ៤.៣៥៧ លានដុល្លារអាម៉េរិក កើនឡើង ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលក្នុងឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារហរដ្ឋអាម៉េរិក នៅតែរក្សាបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ទោះបីជារដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងដំណើរការចរចាលើពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធបដិការជាសកលក៏ដោយ ក្នុងនោះរួមទាំងដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជា ក្នុងអត្រា ៤៩% កាលពីខែ មេសា ប៉ុន្តែភាគីអាម៉េរិក បានទុកពេលរយៈពេល ៩០ថ្ងៃ សម្រាប់ដំណើរការចរចាពាណិជ្ជកម្មនេះឡើងវិញ។
បច្ចុប្បន្ន សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសកម្ពុជា។ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាម៉េរិក មានដូចជា សម្លៀកបំពាក់ ស្បែក ជើង ទំនិញសម្រាប់ធ្វើដំណើរ ឧបករណ៍ទេសចរណ៍, ទំនិញកសិកម្ម, ឧបករណ៍អគ្គិសនី និងផលិតផលដែលទាក់ ទងនឹងការកម្សាន្ត។
យោងតាមទិន្នន័យដដែលនេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំនេះ កម្ពុជា ក៏បាននាំចូលមុខទំនិញនានាពីសហរដ្ឋអាម៉េរិក មកវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ១២០លានដុល្លារអាម៉េរិក មានអត្រាកំណើន ២៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មុខទំនិញភាគច្រើនដែលកម្ពុជានាំចូលពីអាម៉េរិក មានដូចជា រថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ ជាដើម៕