រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ៖ ដរាបណាកម្ពុជា និងថៃ ប្រើផែនទីខុសគ្នា ប្រទេសទាំងពីរមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបានទេ

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ៖ ដរាបណាកម្ពុជា និងថៃ ប្រើផែនទីខុសគ្នា ប្រទេសទាំងពីរមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបានទេ ។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ គឺនៅតែប្រើពាក្យថា ៖ ដរាបណាកម្ពុជា និងថៃ ប្រើផែនទីខុសគ្នា ប្រទេសជិតខាងទាំងពីរមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបានទេ។

ពីកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រមុខការពារជាតិកម្ពុជា បានបន្ថែមថា ដោយសារមានការខ្វែងគំនិតគ្នា រដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្ត ក្នុងការដាក់ចំណុចនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីឱ្យមានអ្នកទីបីមកកាត់ក្តី។

លោក ទៀ សីហា បានយល់ថា បើកម្ពុជា និងថៃ បន្តប្រើផែនទីខុសគ្នា ចង់១០ឆ្នាំទៀត ចង់១០០ឆ្នាំទៀត ចង់ ១០០០ឆ្នាំទៀត ក៏បញ្ហាព្រំដែននៅតែមិនអាចដោះស្រាយបានដែរ។

សូមបញ្ជាក់ថា កម្ពុជា ប្រើប្រាស់ផែនទីខ្នាត ១/២០០០០០ ដោយផ្អែកលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ខណៈថៃប្រើផែនទីខ្នាត ១/៥០០០០។

ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបំពាន MOU ឆ្នាំ២០០០ គឺមានដល់ជាង ៤០០ករណី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា គូសបញ្ជាក់ថា ភាគីថៃបំពានមកលើទឹកដីកម្ពុជាដល់ទៅ ៦៩៥ករណីឯណោះ នេះមិនទាន់រាប់បញ្ចូលនូវការបំពាននាពេលថ្មីៗនេះផង។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា រម្លឹកអំពីហេតុការណ៍ថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ដែលទាហានថៃចូលឈ្លានកម្ពុជា បាញ់សម្លាប់ទាហានខ្មែរម្នាក់ ទាំងដែលមិនទាន់ស្លៀកពាក់សមរម្យ ហើយបែរជាមកចោទថា ទាហានខ្មែរជាអ្នកបាញ់មុន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print