ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស) ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ មិថុនា ២០២៥ វេលាម៉ោង ១៦:០៥នាទីរសៀល នៅមាត់ត្រពាំងទឹក ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ គឺយឹម គឹមយឿន (ប្រុស, ៤៦ឆ្នាំ) រស់នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល, និងមម សុងហេង ហៅ ចេវ (ប្រុស, ២៤ឆ្នាំ) រស់នៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល (ធ្លាប់ជាប់ពន្ធនាគារ ១លើក ពីបទរក្សាទុកគ្រឿងញៀន)។ ជនសង្ស័យទាំង ២នាក់ សុទ្ធតែមានសារធាតុញៀនក្នុងទឹកនោម (+)។
លោកអធិការបានបន្តថា វត្ថុតាងដកហូតបានរួមមាន៖ ម៉ាទឹកកក ២កញ្ចប់តូច (ទម្ងន់ ០,៣២ក្រាម), ទូរស័ព្ទដៃ ២គ្រឿង, កាំបិតផ្គាក់ ៣, ពូថៅ ២, និងឧបករណ៍ប្រើប្រាស់-វេចខ្ចប់គ្រឿងញៀនមួយចំនួន។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យមម សុងហេង ត្រូវបានឃាត់ខ្លួនដំបូងពេលកំពុងជិះម៉ូតូ ហើយបានសារភាពថា ថ្នាំញៀននោះជារបស់យឹម គឹមយឿន។ តាមចម្លើយនេះ សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនយឹម គឹមយឿន។ ជនសង្ស័យទាំង២នាក់បានសារភាពពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាមួយគ្នាញឹកញាប់។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងបន្តតាមនីតិវិធី៕