ខេត្តកំពត ៖ រថភ្លើង១ខ្សែបានបុកកន្ទុយរថយន្តដឹកជី នៅចំណុចផ្លូវវាងសាលាស្រុកបន្ទាយមាស កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្ត កំពត ខណៈរថយន្តនេះព្យាយាមបើកឆ្លងកាត់ផ្លូវដែក ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឱ្យដឹងថា រថភ្លើង១ខ្សែនោះបើកពីត្បូងឆ្ពោះទៅទិសខាង ជើង តាមបណ្ដោយផ្លូវដែក ហើយរថយន្តដឹកជីនេះបើកមកពីជើងទៅត្បូង ។
ដោយឡែកបារ៉ាស់ដែលជាសញ្ញាសម្រាប់ការពាររថភ្លើងឆ្លងកាត់នោះ បានបិទទាំងសងខាងរួចរាល់ហើយ នៅតែបុកបណ្ដាលឱ្យខាងរថយន្តរបួស២នាក់ និងរថយន្តខូចផ្នែកខាងក្រោយ ហើយរថភ្លើងបានក្រពិតក្បាលម៉ាស៊ីន ។
អ្នកបើករថយន្តនិយាយថា រថយន្តរបស់ខ្លួនហ្រាំងមិនស៊ី តែបើកចង់ផុតទៅហើយរថភ្លើងក៍បុក ។ ទោះជាមានហេតុកាណ៍បែបនេះក្ដីរថយន្តត្រូវបាននគរបាលយកទៅ រក្សាទុកនៅអធិការនគរបាលស្រុកបន្ទាយមាស ដើម្បីធ្វើការដោះស្រាយជាមួយខាងរថភ្លើង ដែលរងការខូច ខាតក្រពិតមុខ ។
តាមប្រភពព័ត៌មានថា នៅដើមឆ្នាំនេះ ចំណុចដែលមានការបុករថយន្តនេះ ក៏ធ្លាប់កើតមានការបើករំលោភបំពានបារ៉ាស់ឆ្លងកាត់ផ្លូវដែក បណ្ដាលឱ្យបុកស្លាប់មនុស្សច្រើននាក់ផងដែរ ។ ចំណុចនេះត្រូវគេដឹងថា មានបុគ្គលិកចាំដាក់បារ៉ាស់ ពេលមានខ្សែរថភ្លើងបើកឆ្លងកាត់ម្ដងៗ ។
គួរបញ្ជាក់ថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសដាក់ចេញនូវវិធានការបន្ទាន់ចំនួន៣ចំណុច តាមរយៈសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលវិធានការទាំង៣ចំណុចមាន ៖
១-ការបង្កើនការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាពតាមផ្លូវ ដែលមានផ្លូវដែកឆ្លងកាត់ និងការដាក់ឆ្មាំការពាររបាំងផ្លូវដែក ។
២ -ការបំពាក់ស្លាកសញ្ញាចរាចរណ៍ ។
និង៣-វិធានការផ្សព្វផ្សាយអប់រំ ។
ការចេញវិធានការចំពោះមុខនេះ ធ្វើឡើងបន្ទាប់ពីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ រវាងរថយន្តក្រុង និងរថភ្លើង ។ បើតាមរដ្ឋមន្ត្រីសាធារណការ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់រវាងរថភ្លើង និងរថយន្ត កើតឡើងដោយសារតែមានកំណើនប្រជាជន និងការរីកចម្រើនខាងផ្លូវថ្នល់ រួមទាំងការបិទបាំងដោយដើមឈើលើស្លាកសញ្ញាចរាចរណ៍ ។ នៅកម្ពុជាមានផ្លូវដែក២ខ្សែ គឺភ្នំពេញទៅប៉ោយប៉ែត ប្រវែង ៣៨៦គីឡូម៉ែត្រ និងពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលមានប្រវែង ២៦៦គីឡូម៉ែត្រ ដោយមានផ្លូវឆ្លងកាត់ចំនួន ៩៧៩កន្លែង ។
នៅចំពោះមុខបញ្ហានេះលោករដ្ឋមន្ត្រីប៉េង ពោធិ៍នា បានដាក់ចេញនូវវិធានការបន្ទាន់៣ ៖
គឺទី១-ការបង្កើនការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាពតាមផ្លូវដែក និងការដាក់ឆ្មាំការពាររបាំងផ្លូវដែក ។
ទី២-ការបំពាក់ស្លាកសញ្ញាចរាចរណ៍ ។
ទី៣-វិធានការផ្សព្វផ្សាយអប់រំ ៕