អន្តរជាតិ ៖ យោងតាមប្រភព (Daily Mail ) បានឱ្យដឹងថា ៖ ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជាពិសេសញូវយ៉ក វ៉ាស៊ីនតោនឌី.ស៊ី និងឡូសអេនជឺឡេស បានចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ដើម្បីទប់ទល់ការសងសឹករបស់អ៊ីរ៉ង់ ចំពេលមានក្តីបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខ បន្ទាប់ពីលោក ដូណាល់ ត្រាំ វាយប្រហារទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់។
ប្រភពដែលបន្តថា ៖ ប៉ូលិសក្រុងញូវយ៉ក បានបង្ហោះលើបណ្តាញសង្គម X ថា «យើងកំពុងតាមដានស្ថានការណ៍នៅអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាវិធានការប្រុងប្រយ័ត្ន យើងបានដាក់ពង្រាយកម្លាំងបន្ថែមនៅតាមកន្លែងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង។ យើងនឹងបន្តតាមដានសម្រាប់ផលប៉ះពាល់ដែលអាចកើតមានចំពោះញូវយ៉ក»។
ចំណែក នាយកដ្ឋានប៉ូលិសក្រុងវ៉ាស៊ីនតោន ក៏ចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយនិយាយថា «នាយកដ្ឋានកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់។ យើងកំពុងសហការជាមួយដៃគូអនុវត្តច្បាប់ក្នុងតំបន់ រដ្ឋ និងសហព័ន្ធ ដើម្បីចែករំលែកព័ត៌មាននិងតាមដានការណ៍សម្ងាត់ ដើម្បីជួយការពារពលរដ្ឋ អាជីវករ និងអ្នកទេសចរនៅវ៉ាស៊ីនតោន»។
រីឯនៅ Los Angeles ឯណោះ អភិបាលក្រុងឡូសអេនជឺឡេស លោកស្រី Karen Bass បានបង្ហោះសារលើបណ្តាញសង្គម X ថា ទីក្រុងកំពុងតាមដានយ៉ាងដិតដល់នូវការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពសាធារណៈ។ យ៉ាងណា ឥឡូវមិនទាន់មានការគំរាមធ្ងន់ធ្ងរទេ ប៉ុន្តែជាការប្រុងប្រយ័ត្ន ប៉ូលិសនឹងបង្កើនការល្បាតនៅជិតទីតាំងគោរពបូជា ទីប្រមូលផ្តុំសហគមន៍ និងកន្លែងរសើបផ្សេងទៀត។
ដោយឡែកលោកត្រាំលើកឡើងថា “បានវាយប្រហារដោយជោគជ័យ”លើសំណង់នុយក្លេអែរចំនួន៣កន្លែងរបស់អ៊ីរ៉ង់ ។
ថ្ងៃទី ២១ ខែមិថុនា លោក ត្រាំ ប្រធានាធិបតី អាមេរិក បាន បង្ហោះសារ លើ គណនី បណ្តាញ ទំនាក់ទំនង សង្គម ថា កងទ័ពអាមេរិក បាន “វាយប្រហារ ដោយ ជោគជ័យ នូវ សំណង់ នុយក្លេអែរ ចំនួន ៣ កន្លែង របស់ អ៊ីរ៉ង់។ យន្តហោះ យោធា ទាំងអស់ របស់ កងទ័ព អាមេរិក បាន ស្ថិតនៅក្រៅដែនអាកាសអ៊ីរ៉ង់ រួចហើយ ។
នៅក្នុងសារមួយ ទៀត លោក ត្រាំ បាន អះអាងថា “ ការ វាយប្រហារ យោធា លើក នេះ បាន ទទួល ជោគជ័យ យ៉ាង ខ្លាំង ហើយ លោក នឹង ថ្លែង សុន្ទរកថា ថ្នាក់ ជាតិ នៅ សេតវិមាន នៅ វេលា ម៉ោង ១០ យប់ ថ្ងៃ ដដែល តាម ម៉ោងខាងកើត អាមេរិក ។ លោក ត្រាំ ក៏ បាន ប្រៀធៀបការ វាយប្រហារ លើក នេះ ថា ជា “ ខណៈពេល ប្រវត្តិសាស្ត្រ” ព្រមនិងព្រមានថា “ បច្ចុប្បន្ន អ៊ីរ៉ង់ចាំបាច់ ត្រូវ តែ យល់ព្រម បញ្ចប់ សង្គ្រាម នេះ ” ។
បន្ទាប់មក ក្រុមហ៊ុន វិទ្យុ សាធារណៈអ៊ីស្រាអែល បាន ដកស្រង់ ពាក្យ សម្តីរបស់ មន្ត្រី អ៊ីស្រាអែរ ថា អ៊ីស្រាអែល បាន “សម្របសម្រួល ដោយ គ្រប់ជ្រុងជ្រោយ” ជា មួយភាគីអាមេរិក លើ បញ្ហា វាយប្រហារ សំណង់ នុយក្លេអែរ របស់ អ៊ីរ៉ង់ ៕
ប្រភព៖ Daily Mail