ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះស្ថានទូតថៃនៅទីក្រុងភ្នំពេញ និងមានកិត្តិយសសូមជម្រាបជូនភាគីថៃដូចខាងក្រោម៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការតវ៉ាយយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់លោក Somkid Chueakong អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ដូចឃើញចុះផ្សាយក្នុងសារព័ត៌មានថៃថា លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៉ៃ តុងតាន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ថា វាគឺជាការអនុវត្តទៅតាមស្តង់ដារ និងការទទួលស្គាល់ជាអន្តរជាតិរ ដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិជាពិសេសនៅពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី។ គោលបំណងនៃការកត់ត្រាបែបនេះគឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃការទំនាក់ទំនង តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្តឹងរបស់លោក Somkid ជាទង្វើមានបំណងនយោបាយ ដែលនឹងបង្ក ការយល់ច្រឡំបន្ថែមទៀតរវាងកម្ពុជា និងថៃ។ ការប៉ុនប៉ងផ្តួចផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ក្នុងស្រុកប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យមួយ ពាក់ព័ន្ធនឹងទង្វើដែលធ្វើឡើងក្នុងការអនុវត្តមុខងារសាធារណៈ នឹងធ្វើឱ្យខូចដល់គោលការណ៍សមភាពអធិបតេយ្យភាព និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជំរុញឱ្យរាជរដ្ឋាភិបាលថៃ ចាត់វិធានការសមស្រប ដើម្បីដោះស្រាយការវិវឌ្ឍន៍ដ៏គួរឱ្យសោកស្ដាយនេះ និងទប់ស្កាត់សកម្មភាពបន្តទៀត ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមឆ្លៀតឱកាសនេះដើម្បីសម្តែងគារវកិច្ចដ៏ខ្ពស់ខ្ពស់សារជាថ្មីចំពោះស្ថានទូតថៃប្រចាំនៅភ្នំពេញ ៕
ដោយ ៖ សិលា