ខេត្តសៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្លែងថា ៖ កម្ពុជា មានត្រឹមតែសព្វាវុធមួយតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ៥លានដុល្លារ និងកាំជ្រួចសំណាញ់មេឃ តម្លៃទាប ប៉ុន្តែអាចបាញ់យន្តហោះចម្បាំងតម្លៃប្រមាណ៣០លានដុល្លារឡើង ដែលរបៀបកម្ពុជាធ្វើ ដូចនឹងអ្នកជំនួញដាក់ទុនតិច តែចំណេញច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារមុខមាត់ជាតិ ប្រសិនមានការប្រមាថ។
សម្តេចធិបតី លើកឡើងថា ៖ តើប្រទេសថៃបានប្រើប្រាស់មុខព្រួញចំនួនប៉ុន្មានក្នុងការបង្ករជម្លោះព្រំដែនជាមួយកម្ពុជា?
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានលើកឡើងថា ៖ ភាគីថៃបានប្រើប្រាស់មុខព្រួញចំនួន៣ ដើម្បីបង្កជម្លោះព្រំដែនជាមួយកម្ពុជា គឺ ៖
-១,ការប្រើប្រាស់ស្មារតីជាតិនិយម បំផុសជាតិនិយមដើម្បីកេញចំណេញនយោបាយនៅក្នុងប្រទេសថៃដែលរាលមកដល់កម្ពុជា។ -២, ការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធដើម្បីលាបពណ៌ដាក់កម្ពុជា ។
និង ទី៣, ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដាក់គំនាបមកលើកម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សសយក នៅសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កត្ដាទី១ គឺតាំងពីដើមឆ្នាំក្រុមចលនាជាតិនិយមរបស់ថៃ បានបង្កើតរឿងកោះគុត កោះក្របី និងតំបន់ផ្សេងទៀត បញ្ជាក់ថា ជារបស់គេ(ថៃ) ដើម្បីកេញចំណេញផ្ទៃក្នុងនយោបាយរបស់គេ ត្រង់នេះយើងមិនតបតនោះទេ ព្រោះថា ក្រុមជ្រុលនិយមថៃចង់បានជាឯកតោភាគីជារឿងរបស់អ្នកឯង បើចង់បានជាក់ស្ដែងត្រូវមកចរចាគ្នាតាមរយៈយន្ដការគណៈកម្មការចម្រុះ JBC កម្ពុជា-ថៃ។
សម្ដេចធិបតីមានប្រសាសន៍បន្ដថា កត្ដាទី២ គឺការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដោយភាគីថៃគំរាមផ្ដាច់ភ្លើង ផ្ដាច់អ៊ីនធើណេត និងបានលាបពណ៌កម្ពុជាអាក្រក់ជាដើម។ សម្ដេចធិបតី ចាត់ទុកថា ការដាក់បន្ទោសមកកម្ពុជានេះ គឺពាក់ព័ន្ធនឹងកិត្ដិយសរបស់កម្ពុជា អ្នកឯងចង់ចំណេញនយោបាយអ្នកឯង ប៉ុន្ដែធ្វើឱ្យប៉ះពាល់ជាតិមួយ។ និយាយរួមទាំងជាតិនិយម និងនយោបាយផ្ទៃក្នុងថៃ ជាពិសេសអ្នកជ្រុលនិយម បានបង្កើតស្មារតីនេះដើម្បីបន្ដុះបង្អាប់មកលើកម្ពុជា។
សម្ដេចធិបតីបន្ថែមថា កត្ដាទី៣ គឺការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដាក់គំនាបមកលើកម្ពុជា ដោយថៃបានបង្ហាញយុទ្ធោបករណ៍ យន្ដហោះ ត្រូនដាក់គ្រាប់បែកទម្លាក់ និងរថក្រោះជាដើម។ ប៉ុន្ដែរឿងនេះ កម្ពុជាមានសំណាញ់មេឃដើម្បីការពាររួចទៅហើយ, ហើយបើសួរថា ហេតុអ្វីកម្ពុជាមានគ្រឿងសម្រាប់ប្រឆាំងនិងការពាររថក្រោះ និងយន្ដហោះ? រឿងនេះគឺយើងត្រៀមដើម្បីការពារជាតិ មិនមែនដើម្បីវាយលុកដណ្ដើមទឹកដីនរណានោះទេ។
សម្ដេចធិបតី សង្កត់ធ្ងន់ថា កម្ពុជាមិនចង់ធ្វើសង្រ្គាមនោះទេ យើងឆ្អែតហើយ ប៉ុន្ដែប្រសិនបើមានការបំពានដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារទឹកដី ទោះបីជាឧបករណ៍របស់យើងមិនទំនើបខ្លាំង ប៉ុន្ដែទឹកចិត្ដ និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំងដែលចូលទន្រ្ទានទឹកដីរបស់យើងបាន៕
ដោយ ៖ សិលា