ខេត្តកំពង់ចាម៖ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា នៅយប់ថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២៥ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញទទួលពលករ ពលការិនី មកពីប្រទេសថៃចំនួន ១៧ នាក់ នៅបរិវេណសាលាស្រុកបាធាយ ។
បើតាមលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា ពលករត្រឡប់ពីប្រទេសថៃតាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមកដល់ស្រុកបាធាយ ខេត្តកំពង់ចាមនៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៥ ធ្វេីដំណេីរតាមរថយន្ត ២គ្រឿងសរុប ១៧នាក់ ស្រី៥នាក់ ក្នុងនោះពលករនៅស្រុកបាធាយ ១៤នាក់ (ស្រី៤នាក់),ស្រុកជេីងព្រៃ ២នាក់(ស្រី១នាក់) និងពលករនៅខេត្តត្បូងឃ្មុំម្នាក់។
លោកអភិបាលរងខេត្ត បានឲ្យដឹងទៀតថា ក្នុងឱកាសទទួលពលករពលការិនីនោះ ក្រុមការងារមន្ត្រីពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយកន្លែងការងារដែលនៅទំនេរ ក្នុងខេត្កកំពង់ចាម ខេត្តស្វាយរៀង និងខេត្តក្រចេះ និងបានណែនាំដល់ពួកគាត់សិក្សានូវមុខជំនាញវិជ្ជាជីវៈផ្សេងៗ ដោយឥតគិតថ្លៃផងដែរ ។
ទោះយ៉ាងណាក្តី ក្រោយការស្ទង់មតិរបស់អាជ្ញាធរឃើញថា ពលករ ពលការិនី ដែលមានស្រុកកំណេីតនៅខេត្តកំពង់ចាមទាំង ១៦នាក់នោះ ពួកគាត់ចង់ធ្វេីការងារ ១៥នាក់ និងចង់រៀនមុខជំនាញវិជ្ជាជីវ: ម្នាក់ ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ដែរថា មូលហេតុដែលពលករត្រឡប់ពីប្រទេសថៃពេលនេះ គឺមកស្រុកកំណេីតវិញតាមការស្ម័គ្រចិត្តខ្លួនឯង តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការភ័យខ្លាចជនជាតិថៃធ្វេីបាប ពោលគឺមិនមានការចាប់បង្ខំឲ្យត្រឡប់មកវិញនោះ
ទេ ។
ស្ថិតក្នុងឱកាសនោះដែរ ក្រុមពលករ ពលការិនី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានទទួលពួកគាត់យ៉ាងកក់ក្តៅ និងបានផ្តល់អាហារ បាយ ទឹក និងបានចាត់ចែងដឹកពួកគាត់ដល់លំនៅឋាន ថែមទាំងរកការងារឲ្យធ្វើផងដែរ៕