មន្ទីរសុខាភិបាល៖ លិខិតបំភ្លឺនៃរដ្ឋបាលខេត្តស្វាយរៀង ធ្វើសេចក្តីបំភ្លឺករណីមរណភាពរបស់ស្ត្រីអាយុ៣៤ឆ្នាំ ដោយមូលហេតុធ្លាក់ឈាមធ្ងន់ធ្ងរបន្ទាប់ពីសម្រាលកូននៅមន្ទីរពេទ្យបង្អែកជីភូក្រោយបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានចេញលិខិតបំភ្លឺ នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៥ ដោយបានធ្វើសេចក្តីបំភ្លឺករណីមរណភាពរបស់ស្ត្រីអាយុ ៣៤ឆ្នាំ ដោយមូលហេតុធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាលកូននៅមន្ទីរពេទ្យបង្អែកជីភូ ធ្លាក់ឈាមខ្លាំង រហូតដល់ស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង។

យោងតាមបណ្ដាញសារព័ត៌មាន បានបង្ហោះសារនិងរូបភាពមានខ្លឹមសារដូចតទៅ “មួយករណីទៀតហើយ សម្រាលកូនរួច គ្រូពេទ្យកាត់ស្បូនច្រឡំ ធ្វើឱ្យស្ត្រីសម្រាលកូននៅមន្ទីរពេទ្យបង្អែកជីភូធ្លាក់ឈាមខ្លាំងរហូតដល់ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង” ដែលបានចុះផ្សាយនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង សូមបំភ្លឺជូនសាធារណជននិងម្ចាស់គេហទំព័រឱ្យបាន ជ្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១:០០នាទី ស្ត្រីអាយុ៣៤ឆ្នាំ ពពោះកូនទី៥ រស់នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកជីភូ និងបាន សម្រាលកូនតាមធម្មជាតិនៅវេលាម៉ោង១១:៥០នាទី។ ក្រោយពីទម្លាក់សុក ស្ត្រីខាងលើមានស្ថានភាពធ្លាក់ឈាមខ្លាំង ស្បូនខ្សោយ (មិនកន្ត្រាក់) ក្រុមគ្រូពេទ្យបានសង្គ្រោះតាមបច្ចេកទេស និងបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ពេលស្ត្រីរងគ្រោះបានបញ្ជូនមកដល់មន្ទីរពេទ្យខេត្តស្វាយរៀង ក្រុមគ្រូពេទ្យផ្នែកសម្ភពបានពិនិត្យឃើញថា ស្ត្រីរងគ្រោះមានសភាពបាត់បង់ឈាមច្រើន  ជាពិសេស ស្បូនស្ថិតក្នុងសភាពមិនកន្ត្រាក់(ខ្សោយខ្លាំង) ក្រុមគ្រូពេទ្យបានសង្គ្រោះដោយបញ្ចូលឈាមនិងវះកាត់ស្បូនជាបន្ទាន់ដើម្បីឃាត់ឈាមតាមលក្ខណៈស្តង់ដារបច្ចេកទេស។ ទោះបីក្រុមគ្រូពេទ្យខិតខំធ្វើការសង្គ្រោះនិងវះកាត់ស្បូនដើម្បីឃាត់ឈាមទៅតាមបច្ចេកទេសយ៉ាងណាក្តី ក៏ស្ថានភាពអ្នកជំងឺមិនអាចសង្គ្រោះបានដែរ ហើយបានទទួលមរណភាពនៅវេលាម៉ោង ១២:២០នាទី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print