ក្លឹបបាល់ទាត់ Olympique Lyonnais ត្រូវបានកាត់ចេញពីក្របខ័ណ្ឌបារាំង Ligue 1 នេះ បើតាមអ្នកឃ្លាំមើលហិរញ្ញវត្ថុរបស់កីឡាបាល់ទាត់បារាំង (DNCG) បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីការធ្វើសវនកម្មរបស់ក្លឹប ប៉ុន្តែក្លឹបនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះភ្លាមៗ។
Lyon ត្រូវបាន DNCG ទម្លាក់បណ្ដោះអាសន្នក្នុងខែវិច្ឆិកា ដោយសារស្ថានភាពហិរញ្ញវត្ថុមិនល្អ ហើយការសម្រេចចិត្តត្រូវបានបញ្ជាក់នៅថ្ងៃអង្គារបន្ទាប់ពីជំនួបរវាងម្ចាស់ក្លឹប John Textor និង DNCG។
ក្លឹបបានរិះគន់ការសម្រេចចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ហើយបាននិយាយថា ខ្លួនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ DNCG ដោយបានបំពេញរាល់សំណើរបស់ពួកគេ។
ការសម្រេចចិត្តទម្លាក់ក្រុម Lyon នេះកើតឡើងមួយថ្ងៃបន្ទាប់ពីពាណិជ្ជករអាមេរិកឈ្មោះ Textor បានលក់ភាគហ៊ុន ៤៣ ភាគរយក្នុងក្លឹបអង់គ្លេស Crystal Palace។
កាលពីខែតុលា ក្រុមបាល់ទាត់របស់ លោក Textor បានបង្ហាញពីបំណុលសរុបប្រហែល 422 លានផោន (574.85 លានដុល្លារ) ដែលបង្កើនការព្រួយបារម្ភអំពីស្ថិរភាពហិរញ្ញវត្ថុរបស់ក្លឹបបារាំង។ ចាប់តាំងពីពេលនោះមក Lyon បានរៃអង្គាសថវិកាដោយបញ្ជូនកីឡាករជាច្រើនរួមទាំង Maxence Caqueret ទៅក្លឹប Como និង Rayan Cherki ទៅកាន់ក្លឹប Manchester City ។យ៉ាងណាក៏ដោយ ក្លឹបមិនអាចបញ្ចុះបញ្ចូលអាជ្ញាធរថា ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេបានប្រសើរឡើងល្មមនឹងមានការដកទណ្ឌកម្មចេញ។
Lyon ដែលបានគ្រងដំណែងជើងឯក ក្របខ័ណ្ឌកំពូលបារាំង 7 ដងនៅចន្លោះឆ្នាំ 2002 និង 2008 មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់លេង Europa League នៅរដូវកាលក្រោយ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 6 ក្នុង Ligue 1។