ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៨៥នាក់។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតជូនមន្រ្តីសុខាភិបាលនៅមូលដ្ឋានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន និងបាននាំយកការកោតសរសើរពីប្រមុខរាជរដ្ខាភិបាលជូនដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួមគ្នាជាមហាសាមគ្គីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី។ ជាការឆ្លើយតបនឹងការកោតសរសើររបស់រាជរដ្ឋាភិបាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀតដោយប្រកាន់យកគោលការណ៍បម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យអស់ពីកំលាំងកាយចិត្ត សំដៅកសាងខ្លួនឱ្យក្លាយជាកំលាំងពិត គុណភាពពិតប្រាកដរបស់វិស័យសុខាភិបាល។
ជាកិច្ចបន្ត លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកអត្ថន័យនៃភាពជាអ្នកដឹកនាំចំនួន២គឺ៖ ១) អ្នកដឹកនាំត្រូវផ្តោតទៅលើគោលដៅរួមដែលនឹងនាំយកនូវផលប្រយោជន៍ ជូនដល់ក្រុមការងារ និងសង្គមទាំងមូល និង ២)អ្នកដឹកនាំជាអ្នកសម្រេចចិត្ត និងជាអ្នកគូរផ្លូវសមស្របដើម្បីសម្រេចគោលដៅរួមនោះ។ លោកសាស្រ្តាចារ្យក៏បានរំលឹកឡើងវិញ អំពីខ្លឹមសារសំខាន់ៗនៃបដិសំយោគរូបធាតុ រួមមាន សម្ព័ន្ធភាពជាសកល និងការវិវត្តនៃវិចារវិជ្ជា សម្ភារៈនិយម ដែលគោលគំនិតនេះមានភាពចាំបាច់សម្រាប់ការសិក្សាបន្ថែមក្នុងទ្រឹស្តីទស្សនវិជ្ជា សម្រាប់ការអភិវឌ្ឍនៃការពិចារណារបស់មនុស្ស។
ដោយមានការអនុញ្ញាតពី លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញចែករំលែកពីអំពី សមិទ្ធផលការងាររបស់មន្ទីរពេទ្យបង្អែកអូរាំងឪ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ៕
ដោយ៖តារា