គណបក្សប្រជាជន នឹងរៀបចំមីទ្ទិញថ្ងៃកំណើតបក្ស នាចុងសប្ដាហ៍នេះ ក្រោមអធិបតីសម្ដេច ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ នាចុងសប្ដាហ៍នេះគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន នឹងរៀបចំមីទ្ទិញរំលឹកខួបកំណើតរបស់ខ្លួន នៅវិមាន៧មករា ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានប្រាប់ឱ្យដឹងថា មិនខុសពីបណ្ដាឆ្នាំមុនៗ គឺពិធីមីទ្ទិញអបអរសាទរខួប៧៤ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធធ្វើឡើងនាថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។
លោក ជា ធីរិទ្ធ បន្តឱ្យដឹងថា ក្នុងពិធីមីទ្ទិញនេះ នឹងមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា រួមទាំងវត្តមានចូលរួមពីភ្ញៀវកិត្តិយសដែលជាឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត និងបណ្ដាមិត្តបរទេស ក៏ដូចជាបណ្ដាគណបក្សនយោបាយសម្ព័ន្ធភាព។
ដើម្បីឱ្យការប្រារព្ធពិធីមីទ្ទិញនេះ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច បញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម គឺចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី ។
គណបក្សប្រជាជនកម្ពុជា បានចាប់កំណើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជាឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print