ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែង នូវសេចក្តីសោមនស្សរីករាយក្រៃលែង ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ រួមជាមួយនឹងស្មារតីឆន្ទៈគាំទ្រ យ៉ាងពេញទំហឹង ចំពោះការរៀបចំ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥» ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសនានាលើសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើង ទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនាជាតិរបស់កម្ពុជា ក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ តាមគ្រប់រូបភាព វិធីសាស្ត្រ និងយុទ្ធសាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយនិងឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា។ កម្ពុជា ពិតជាមានមោទនភាព ខ្ពស់ ដែលត្រូវបានទទួលការវាយតម្លៃពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC) ជាប្រទេសគំរូមួយក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ ២០២៤ កន្លងទៅ ដែលមានលក្ខណៈអធិកអធម ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទូទាំង ២៥ រាជធានី ខេត្ត។
សម្រាប់ខ្លឹមសារស្នូលនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ នេះ ការិយាល័យ UNODC គឺបានផ្តោតសំខាន់ទៅលើវិធានការបង្ការ ការពារ ទប់ស្កាត់ ដើម្បីឈានទៅការកាត់ផ្តាច់ឫសគល់និងវិវដ្តនៃបញ្ហា គ្រឿងញៀន ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងគោលដៅសំដៅធ្វើយ៉ាងណា បំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ២០២៥ នេះ គឺ BREAK THE CYCLE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)។
សម្តេចធិបតីបន្តថា ៖ ជាការពិត ស្ថានភាពគ្រឿងញៀននៅលើសកលលោក គឺបានកំពុងធ្លាក់ក្នុងសភាពមួយដែលមានលក្ខណៈ ស្មុគស្មាញ ប្រទាក់ក្រឡា បង្កើតបានជាបញ្ហាវិលទៅវិលមក ប្រៀបដូចជាវដ្តមួយដែលមិនអាចកាត់ផ្តាច់បាន ព្រមទាំងផ្សារភ្ជាប់ទៅនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង បង្កបានជាបទល្មើសច្រើនប្រភេទ និង ភាពអសន្តិសុខ ញាំញី បំផ្លិចបំផ្លាញសុខុមាលភាពសង្គមជាតិ ដែលជាឧបសគ្គរារាំងដល់ការអភិវឌ្ឍសង្គមនិង សេដ្ឋកិច្ចជាតិ។ ដោយពិនិត្យឃើញមហន្តរាយដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននេះ ការិយាល័យ UNODC រួមទាំងប្រទេសកម្ពុជាដែលជាសមាជិកនៃអនុសញ្ញា និងពិធីសារស្តីពីគ្រឿងញៀនរបស់អង្គការ សហប្រជាជាតិ បានរួបរួមគ្នាសម្រេចដាក់ចេញនូវប្រធានបទទិវាឆ្នាំនេះ ដែលឈរលើទស្សនវិស័យមួយ គឺការចាត់ ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលចាប់ផ្តើមចេញពីសមាជិកគ្រួសារមួយរហូតដល់ សង្គមទាំងមូល ត្រូវមានភារកិច្ចចូលរួម បង្ការ ទប់ស្កាត់ ដើម្បីកាត់ផ្តាច់បញ្ហាដ៏រ៉ាំរ៉ៃមួយនេះចេញពីសង្គមកម្ពុជា៕
ដោយ ៖ សិលា