នាយករដ្ឋមន្ត្រីកម្ពុជា ដាស់ស្មារតីដល់យុវវ័យកម្ពុជាគ្រប់រូបមានជំនឿមុតមាំថា ខ្លួននឹងមិនធ្លាក់ក្នុងអន្ទាក់ភ្នក់ភ្លើង នៃគ្រឿងញៀនជាដាច់ខាត ដើម្បីជាការកសាងមូលធនមនុស្សរឹងមាំសម្រាប់អភិវឌ្ឍសង្គមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំពូនជ្រំបន្តរក្សាកេរដំណែលគោលនយោបាយ ដ៏មុតស្រួចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺការតម្កល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាទិសដៅអាទិភាពចម្បង រួមនឹងមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» តាមរយៈការដាក់ចេញនូវវិធានការ មុតស្រួចដូចជាគោលការណ៍«សម្អាតផ្ទះយើង» និងគោលការណ៍«សម្អាតចកចេញពីផ្ទៃបឹង» ដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជាដែលមានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ ថ្មីៗជាច្រើន ដើម្បីកៀរគរឱ្យសង្គមជាតិទាំងមូលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាត និងយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។ ជាក់ស្តែងនៅឆ្នាំកន្លងទៅ ការចូលរួមលើកកម្ពស់ការអប់រំពីផល ប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន ត្រូវបានចូលរួមយ៉ាងសកម្មផុសផុលពីសំណាក់យុវជន យុវនារី សិស្ស និស្សិត កម្មករ កម្មការិនី សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលទាំងនេះ បង្កើតបានជាចលនាជាតិ និងស្មារតីរួមមួយ ដែលដាស់ស្មារតីដល់យុវវ័យកម្ពុជាគ្រប់រូបមានជំនឿមុតមាំថា ខ្លួននឹងមិនធ្លាក់ក្នុងអន្ទាក់ភ្នក់ភ្លើង នៃគ្រឿងញៀនជាដាច់ខាត ដើម្បីជាការកសាងមូលធនមនុស្សរឹងមាំសម្រាប់អភិវឌ្ឍសង្គមជាតិ។

សម្តេចធិបតីបន្តថា ៖ ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាក៏បានពង្រឹងការធ្វើ បរិវត្តកម្មឌីជីថលយ៉ាងសកម្មផុសផុល ដោយក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្កើតជា ផ្ទាលឌីជីថលដ៏មានសារៈសំខាន់មួយ គឺកម្មវិធីទូរស័ព្ទដៃ NoDrug ដែលជាវិធីសាស្ត្រអប់រំបែបឌីជីថល ទាន់សម័យនិងជាបណ្តុំនូវមេរៀន ខ្លឹមសារ និងព័ត៌មានពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេស ក៏ជាមធ្យោបាយ រាយការណ៍ដ៏មានប្រសិទ្ធភាព ២៤ ម៉ោង និងរក្សាការសម្ងាត់សម្រាប់ប្រជាពលរដ្ឋជូនដំណឹងអំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដោយកន្លងទៅប្រជាពលរដ្ឋបានរាយការណ៍ជិត ១៤០០ ករណី ហើយសមត្ថកិច្ចមូលដ្ឋានបានសហការដោះស្រាយបង្ក្រាបបានជិត ១២០០ ករណី ដែលនេះសបញ្ជាក់ឱ្យ ឃើញពីការចូលរួមសហការគ្នារវាងប្រជាពលរដ្ឋនិងកម្លាំងអនុវត្តច្បាប់ក្នុងការយកបញ្ហាគ្រឿងញៀនចេញពី សហគមន៍។ ទោះបីជាវិធានការបង្ការ ទប់ស្កាត់ និងអប់រំ ជាទិសដៅអាទិភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក៏មិនមានការបន្ធូរបន្ថយដល់វិធានការអនុវត្តច្បាប់នោះដែរ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការ យ៉ាងសស្រាក់សស្រាំក្រោមស្មារតីមោះមុតជាទីបំផុត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី និងគោលការណ៍រួមរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅធ្វើយ៉ាងណាខិតខំបញ្ចៀសឱ្យបាន មិនឱ្យកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យបញ្ហាគ្រឿងញៀនជះឥទ្ធិពលបំផ្លិចបំផ្លាញដល់ សង្គមជាតិ ដោយត្រូវធ្វើយ៉ាងណាកាត់ផ្តាច់ការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឱ្យបានដល់ឫសគល់នៃបញ្ហាគ្រឿងញៀន ដោយឈរលើទស្សនវិស័យ «ចូលរួម ទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print