ខេត្តព្រះវិហារ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចំនួន៤៦៤ នាក់ ក្នុងខេត្តព្រះវិហារ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានដូចខាងក្រោម៖
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ កម្លាំង សុខភាពសម្ដេច មានជាធម្មតា ដោយសារសម្ដេចបានហ្វឹកហាត់រៀនសូត្រស្នាក់នៅជាមួយព្រះសង្ឃក្នុងវត្ត និងធ្វើជាទាហាននឹងបានឆ្លងកាត់សភាពការរាប់រយជំពូកកន្លងមក។
-សម្តេចតេជោ បានប្រកាសថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាជនកម្ពុជាតាំងពីដើមរហូតដល់សព្វថ្ងៃនេះ។
-សម្តេចតេជោ បានមានប្រសាសន៍ផ្ញើសារទៅកាន់ជនរួមជាតិថា ពេលណាជីវិតមានការលំបាកគប្បីត្រូវមើលទៅអ្នកដែលលំបាកជាងខ្លួន មិនត្រូវមើលទៅអ្នកដែលស្រួលជាងខ្លួនឡើយ ដូច្នេះហើយត្រូវតែខំប្រឹងប្រែង។
-សម្ដេចតេជោ ថ្លែងថា ស្រុកខ្មែរមិនអន់ជាងប្រទេសដទៃទេសម័យឌីជីថលនេះ សូម្បីតែអ្នកលក់ចេកចៀន អ្នកលក់ខ្ចៅខ្យង ក៏មានការប្រើប្រាស់ QR Code ដែរ។
-សម្ដេចតេជោ ថ្លែងថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការផង ដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើង។ សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យ។
– សម្ដេចតេជោ ថ្លែងថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ ដែលមានប្រវែងប្រមាណ ៨៥០ គីឡូរម៉ែត្រ ក្នុងនោះយន្តការដែលត្រូវដោះស្រាយតាមផ្លូវតុលាការអន្តរជាតិប្រមាណ ៥០ គីឡូម៉ែត្រ។
-សម្ដេចតេជោ ថ្លែងចោទសួរថា ថៃបានចោទកម្ពុជាថា កម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃ, ចុះហេតុអ្វីថៃមិនប្ដឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ? ចុះហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា។
-សម្ដេចតេជោ ថ្លែងថា កម្ពុជាបានផ្ញើលិខិតទៅតុលាការអន្តរជាតិរួចហើយ ប៉ុន្ដែបែរជាមានបងប្អូនប្រឆាំងមួយចំនួនឱ្យបង្ហាញការបោះត្រាឬការបញ្ជាក់អ្វីជាដើម។
-សម្ដេចតេជោ ថ្លែងបញ្ជាក់ថា បងប្អូនប្រឆាំងក៏ប្រឆាំងទៅចុះ ប៉ុន្ដែកុំជ្រុលនិយមពេក។ តុលាការគេមាននីតិវិធីរបស់តុលាការ មិនអាចយកពាក្យបណ្ដឹងណាមួយទៅបង្ហាញមុនពេលកាត់ក្ដីទេ មិនថាតុលាការជាតិឬអន្តរជាតិ ពីព្រោះបើយើងធ្វើមិនស្រួលតុលាការមានសិទ្ធិព្យួរបណ្ដឹងរបស់កម្ពុជាបាន។
-សម្តេចតេជោ ថ្លែងបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ប៉ុន្តែសម្តេច បានបញ្ជាក់ថា តាមច្បាប់អន្តរជាតិគឺយកតែតំបន់បួនទេ ដែលនឹងឡើងទៅកាន់ តុលាការឡាអេ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ខណៈតំបន់ផ្សេងៗទៀត នឹងបន្តដោះស្រាយគ្នាទ្វេភាគី។
– សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖«មានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការផ្លូវច្បាប់នោះ»។
-ចោទជាសំណួរទៅកាន់ពួកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង ខណៈពេលនេះម៉ោងនេះ កម្ពុជាកំពុងតែមានក្តីក្តាំងជា មួយសត្រូវហេតុអ្វីពួកអ្នកទាមទារឲ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាង លើសំណុំរឿងកម្ពុជាប្តឹងទៅកាន់តុលាការឡាអេរឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ?។
-សម្តេចតេជោ បានថ្លែងប្រាប់ទៅពួកប្រឆាំងទាំងនោះថា រឿងនេះគឺជារឿងសម្ងាត់របស់តុលាការ ដូច្នេះរាជរដ្ឋាភិបាលមិនតម្រូវតាមក្រុមប្រឆាំងទាំង នោះដើម្បីឲ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះឡើយ។
-សម្ដេចតេជោ ថ្លែងណែនាំទៅរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ សូមពិនិត្យមើលការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ «ក្បត់ជាតិ» ខណៈមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនកំពុងឃុបឃិតជាមួយប្រទេសប្រឆាំងខ្មែរក្នុងកាលៈទេសៈវិវាទព្រំដែនជាមួយថៃ។
-សម្ដេចតេជោ ថ្លែងថា ហេតុអ្វីកម្ពុជាបញ្ជូនទ័ពទៅកាន់ព្រំដែន គឺមកពីរឿងកើតឡើងពីថ្ងៃទី២៨ ខែឧសភាដែលថៃលបបាញ់យោធិនកម្ពុជាពលីនៅក្នុងលេនដ្ឋាន, ដូច្នេះកម្ពុជាមានសិទ្ធិការពារខ្លួន ការពារបូរណភាពទឹកដី កម្ពុជាមិនមានមហិច្ឆិតាវ៉ៃ ទៅដល់បាំងកកទេ ទោះបីកម្ពុជាមានអាវុធអាចប្របើប្រាស់បានក៏ដោយ។
-សម្តេចតេជោ ថ្លែងបែបចំអកថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១នោះជាមួយសត្រូវ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួត បង្ហាញនូវឧទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ។
-សម្តេចតេជោ ថ្លែងថា ប្រសិនបើសប្បុរសជនចង់យកអំណោយផ្សេងៗ មកជូនកងទ័ពនៅសមរភូមិមុខ ក្រៅពីស្បៀងអាហារផ្សេងៗ យើងអាចមកទិញបន្លែផ្ទាល់នៅក្នុងខេត្តព្រះវិហារ ដើម្បីឲ្យប្រជាពលរដ្ឋ មានទឹកចិត្តដាំដំណាំ និងជួយលើកតម្កើនផលិតផលខ្មែរ។
-សម្ដេចតេជោ ថ្លែងចោទសួរថា ថៃបានចោទកម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃ, ចុះហេតុអ្វីថៃមិនប្ដឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ? ហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា?
-សម្ដេចតេជោ ថ្លែងណែនាំរដ្ឋបាលខេត្តព្រះវិហារ ធ្វើកិច្ចការលើការផ្គត់ផ្គង់កងទ័ពនៅខេត្តព្រះវិហារ, បំផុសការផលិត រៀបចំការផលិត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ណែនាំឱ្យរៀបចំដាំដុះនូវអ្វីដែលជាតម្រូវការកងទ័ព ដើម្បីផ្គត់ផ្គង់កងទ័ព ហើយកុំទៅទិញបន្លែ ផ្លែឈើពីឬត្រីពីភ្នំពេញ ប៉ុន្ដែត្រូវទិញពីពលរដ្ឋនៅក្នុងខេត្ត។
– សម្ដេចតេជោ ថ្លែងថា ក្រោយពេលលោកតា ស៊ុច និមន្តមកដល់កម្ពុជា សម្ដេចនឹងឆ្លៀតអញ្ជើញទៅថ្វាយបង្គំព្រះអង្គដោយផ្ទាល់។ សម្ដេចតេជោ បញ្ជាក់ថា លោកតា ស៊ុច ព្រះអង្គមានទសពិធរាជធម៌។
– សម្ដេចតេជោ ថ្លែងផ្ដាំថា កម្ពុជាកុំផ្លាស់ប្ដូររបបរាជានិយមឱ្យសោះត្រូវរក្សារបបរាជានិយមដែលជាកេរដំណែលរបស់ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា ព្រះបរមរតនកោដ្ឋ ខណៈបច្ចុប្បន្នមានប្រទេសមួយចំនួនទាំងក្នុងតំបន់ និងលើពិភពលោកកំពុងមានបញ្ហាផ្ទៃក្នុង ដោយសារការផ្លាស់ប្ដូររបបនេះឯង។
-សម្ដេចតេជោ ថ្លែងថា នៅក្នុងពិធីបុណ្យខួប១០ឆ្នាំ នៃមរណភាពសម្ដេចជា ស៊ីម នឹងបង្ហាញឱ្យបក្សប្រឆាំងភ្លឺភ្នែកថា ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា មិនស្អប់ មិនភ្លេច មិនបែកបាក់គ្នាឡើយ។ សម្ដេចព្រមានថា កុំចង់បំផ្លាញគណបក្សប្រជាជន ប្រយ័ត្នរលាយខ្លួនឯង។
-ក្រោយសម្រួលកងទ័ពនៅតំបន់មុំបី ថាក់ស៊ីន, យីងឡាក់, និងផែថងថាន សុទ្ធតែបានទូរស័ព្ទមកអរគុណសម្ដេចតេជោ ប៉ុន្តែនៅក្រុងបាងកកប្រើភាសាថាកម្ពុជាដកកងទ័ព។ ហេតុផលប្រើភាសាក្បត់នឹងកម្ពុជានេះ ទើបនាំឱ្យសម្ដេចតេជោ ថតសំឡេងសន្ទនាជាមួយផែថងថាន ដើម្បីតម្លាភាពជាមួយពលរដ្ឋកម្ពុជា។
– សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា សម្ដេចមិនក្បត់អ្នកណាមុននោះទេ សម្ដេចសុខចិត្តឲ្យគេក្បត់សម្ដេចមុន។ កម្ពុជាមិនបានយកប្រជាជន និងប្រទេសថៃ ធ្វើជាសត្រូវនោះទេ។ ប្រសិនបើគេចាត់ទុកថា សម្ដេចជាសត្រូវសម្ដេចគ្មានជម្រើសទេ និងត្រូវចាត់ទុកអ្នកជាសត្រូវ។
-សម្ដេចតេជោ ថ្លែងថា កម្ពុជា មិនអនុញ្ញាតឱ្យបរទេសណាប្រមាថកងទ័ព ឬមេទ័ពកម្ពុជាឡើយ។ សម្ដេចចាត់ទុកថា ទង្វើជេរប្រមាថមេភូមិភាគពីររបស់ផែថងថាន គឺស្មើនឹងប្រមាថស្ដេចថៃ ព្រោះមេភូមិភាគពីរនេះ ព្រះមហាក្សត្រថៃជាអ្នកតែងតាំង។
– សម្ដេចតេជោ ថ្លែងថា៖«ខ្ញុំសូមជូនទៅប្រជាពលរដ្ឋថៃ ប្រជាជនជនថៃ ខ្ញុំមិនយកប្រទេសថៃប្រជាជនថៃជាសត្រូវទេ ប៉ុន្ដែប្រទេសថៃមានក្រុមយោធា និងអ្នកនយោបាយជ្រុលនិយមមួយចំនួនដែលបង្ករឿងជាមួយកម្ពុជាចង់យកកម្ពុជាជាសត្រូវ។
– សម្ដេចតេជោ ថ្លែងថា៖«ខ្ញុំជាមនុស្សដែលមានគុណធម៌ ហើយក៏មិនក្បត់អ្នកណាមុនដែរ ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំមុន! ឥឡូវគេក្បត់ខ្ញុំមុនហើយ។ ដូច្នេះខ្ញុំត្រូវនិយាយរឿងនេះ ហើយកុំថាខ្ញុំក្បត់គុណធម៌។ លោកជំទាវ អ៊ុង អ៊ីង (នាយករដ្ឋមន្រ្ដីថៃ) ខ្ញុំបាត់បង់ការអត់ធ្មត់ចំពោះលោកជំទាវហើយ។
-សម្ដេចតេជោ ថ្លែងគូសបញ្ជាក់ថា លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ ដើម្បីយកចិត្តសម្ដេច បាននិយាយអាក្រក់ពីមេទ័ពខ្លួនប្រាប់សម្ដេច ទង្វើនេះ បើនៅកម្ពុជា ជាអំពើក្បត់ជាតិ។
– សម្ដេចតេជោ ប្រកាសថា កម្ពុជាមិនអាចធ្វើការជាមួយលោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះកើតទេ ហើយកម្ពុជានឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី។
-សម្ដេចតេជោ ថ្លែងថា សម្ដីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ជេរមេភូមិភាគពីរ ប៊ុនស៊ីនផាតក្លាង បើនៅកម្ពុជា គឺស្មើនឹងក្បត់ជាតិ ប៉ុន្តែនៅថៃជារឿងផ្សេងសម្ដេចមិនដឹងមិនលូកដៃឡើយ។
-សម្ដេចតេជោ ថ្លែងបញ្ជាក់បន្ថែមថា នៅក្នុងសារសន្ទនាជាមួយផែថងថាន គឺសម្ដេចមិនបានចង់ដឹងរឿងមេភូមិភាគពីរថៃឡើយ ប៉ុន្តែផែថងថានិយាយ ហើយជេរដោយខ្លួនឯង។
-សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា អំពើឆបោកអនឡាញនៅកម្ពុជា កើតឡើងដោយសារថៃ ហើយកម្ពុជាស្អុយឈ្មោះព្រោះតែថៃ។
-សម្ដេចតេជោ គូសបញ្ជាក់ទៀតថា កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះព្រោះអំពើឆបោកតាមអនឡាញបង្កឡើងដោយថៃ ព្រោះថៃមានអាកាសយានដ្ឋានអន្តរជាតិធំបំផុតតភ្ជាប់ជើងហោះហើរត្រង់ ពីពិភពលោកមក ដែលនាំឧក្រិដ្ឋជនធ្វើអំពើឆបោកតាមអនឡាញ។ សម្ដេចតេជោ ស្នើចិន និងអាមេរិក និងអន្តរជាតិមើលលើបញ្ហានេះ។
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោកស្រីនាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា។ កាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោកស្រីបានប្រកាសថា បិទព្រំដែនដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃបានបិទព្រំដែនជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ។
-សម្តេចតេជោ ថ្លែងបញ្ជាក់ថា៖ កម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោក អនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ ។ ពីព្រោះ អ្នកឆបោកតាមអនឡាញ ទាំងអស់ ត្រូវបានសម្រួល ដោយអាជ្ញាធរថៃ ដោយសារតែ កម្ពុជា ឡាវ មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹក អ្នកប្រព្រឹត្តិអំពើទាំងនោះបានដោយផ្ទាល់នោះទេ។
– សម្ដេចតេជោ ថ្លែងផ្ដាំទៅប្រជាជនថៃមើលឱ្យច្បាស់ ចំពោះល្បិចកលដឹកនាំរបស់លោកស្រីនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ន ដែលគ្មានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយប្រទេសជាដៃគូទៅទៀត។
-សម្តេចតេជោ ថ្លែងថា ម៉ោងនេះ ពេលនេះ កម្ពុជាមិនបានប្រើអគ្គិសនី ឬអ៊ិនធើណេត របស់ថៃនោះទេ។
-សម្តេចតេជោ ថ្លែងផ្តាំទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលបាននិយាយថា កម្ពុជាបន្តប្រើប្រាស់ភ្លើងអគ្គិសនីរបស់ថៃចំនួន៦ កន្លែងទៀតនោះ សូមបង្ហាញមកថា នៅកន្លែងណាខ្លះ? សម្តេចបានហៅការលើកឡើងរបស់រដ្ឋមន្រ្តីការពារថៃរូបនេះថា«ព្រហើន» ដែលបានបន្ទច់បង្អាប់ខ្មែរយ៉ាងដូច្នេះ។
-សម្តេចតេជោ ថ្លែងប្រាប់ឱ្យរដ្ឋមន្រ្តីការពារជាតិថៃ ចេញមុខមកដោះស្រាយជាបន្ទាន់ ប្រសិនរដ្ឋមន្រ្តីរូបនេះពិតជាមនុស្សមែន បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិថៃរូបនេះមើលងាយខ្មែរ ដោយបានចោទប្រកាន់ខ្មែរថា បានបន្តប្រើប្រាស់ភ្លើងរបស់ថៃទៀតចំនួន៦ចំណុចទៀតនោះ។ សម្តេច បានចោទជាសំណួរថា តើចំណុចណាខ្លះដែល កម្ពុជាបន្តប្រើប្រាស់អគ្គិសនីថៃ ?
– សម្ដេចតេជោ ថ្លែងបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនធ្វើប្រក្រតីភាពឡើងវិញជាមួយនឹងថៃ ប៉ុន្ដែប្រហែលមិនអាចធ្វើជាមួយនាយករដ្ឋមន្រ្ដីបច្ចុប្បន្ននេះទេ។
-សម្តេចតេជោ ថ្លែងថា ទីផ្សារលើពិភពលោកកំពុងតែមានការប្រកួតប្រជែង ហើយកម្ពុជាក៏ជាអតិថិជនមួយផងដែរ ។ សម្តេច មានន័យថា កុំចង់លេងជាមួយកម្ពុជាឱ្យសោះ «នយោបាយគម្រាម» ក្នុងសម័យតេជោធិបតី។
-សម្តេចតេជោ ថ្លែងជាថ្មីម្តងទៀតអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ដើម្បីកុំឲ្យគេមើលងាយ ខណៈបច្ចុប្បន្នកម្ពុជាយើង ក៏កំពុងខ្វះកម្លាំងពលកម្មផងដែរ។
– សម្ដេចតេជោ ថ្លែងថា តាមទល់ដែនគួរចែកស្ករគ្រាប់គ្នាស៊ី ប្រសើរជាងចែកគ្រាប់កាំភ្លើង ហើយការធ្វើនយោបាយតាមព្រំដែនរបស់ថៃ គួរតែដល់ពេលប្ដូរ System ហើយ។
-សម្តេចតេជោ ថ្លែងផ្តាំទៅកាន់ភាគីថៃថា គប្បីបញ្ឈប់ការប្រើប្រាស់សន្លឹកបៀរបិទព្រំដែន ដើម្បីធ្វើការគំរាមកំហែងកម្ពុជាបន្តទៀតទៅ ខណៈសន្លឹកបៀរនេះ វាគ្មានន័យអ្វីសម្រាប់កម្ពុជានោះទេ ផ្ទុយទៅវិញមានតែថៃទេ ដែលខាតបង់ជាងកម្ពុជានោះ។
-សម្ដេចតេជោ ថ្លែងទម្លាយរឿង លោក ថាក់ស៊ីន សម្ដែងធ្វើជា «គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសម្ដែង» ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន។
-សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា ទម្លាយទៀតថា នៅពេលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន គ្មានឈឺជំងឺអ្វីឡើយ ប៉ុន្តែពេលថតរូបជាមួយសម្ដេច បែជាយកសម្ភារៈអ្នកជំងឺមកពាក់បំភាន់ភ្នែកពលរដ្ឋ និងសមត្ថកិច្ចថៃ។ សម្ដេចថា ពេលដែលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន សម្ដេចមិនដឹងទាល់តែសោះថាបុគ្គលនេះ សម្ដែងធ្វើជាឈឺ។
-សម្ដេចតេជោ ទម្លាយបន្ថែមថា មូលហេតុដែលសម្ដេចទើបទម្លាយនៅពេលនេះ គឺព្រោះតែពេលសម្ដេចដឹងភ្លាមៗ សម្ដេចគោរពគុណធម៌ ទើបមិនទម្លាយ ហើយមូលហេតុដែលទម្លាយនៅពេលនេះ គឺដោយសារតែកូនស្រីរបស់ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីខ្វះគុណធម៌។
– សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា៖«ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំ ត្រូវបំផ្លាញដោយសារស្នាដៃកូនស្រីរបស់មិត្តភក្ដិ (គ្រួសារថាក់ស៊ីន)»។
– សម្ដេចតេជោ ថ្លែងថា លោកស្រី អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បានប្រមាថ សម្ដេច និងសម្ដេចធិបតីថា អត់វិជ្ជាជីវៈ ដែលនាំឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំងរវាងកម្ពុជា-ថៃ ខណៈភាសារនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។ សម្ដេចតេជោ ចាត់ទុកការប្រើភាសារនេះ គឺជាសម្ដីកូនគ្មានម៉ែឪប្រដៅ។
-សម្ដេចតេជោ ថ្លែងថា បើគេក្បត់គ្នាគេទៅហើយ ថ្ងៃណាមួយគេនឹងក្បត់យើងមិនខាន។ សម្ដេចបញ្ជាក់ថា ក្នុងគ្រួសារសម្ដេចមានត្រណមក្នុងគ្រួសារមិនឱ្យយករឿងរបស់គេមកនិយាយក្នុងរឿងគ្រួសារ និងយករឿងគ្រួសារទៅប្រាប់គេ និងកុំសេពគប់ជាមួយអ្នកដែលនិយាយដើមគេប្រាប់យើង៕ដោយ៖ស តារា