ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥ ។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មានគោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ គ្រប់ដំណាក់កាលលំបាក គណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងក្នុងអតីតកាលនិងបច្ចុប្បន្ន យើងបានរួមគ្នារំដោះសង្គ្រោះជីវិតប្រជាពលចេញពីរបបវាលពិឃាត ប្រល័យពូជសាសន៍ ប៉ុល ពត, រួមគ្នាសង្គ្រោះជីវិតប្រជាពលរដ្ឋពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកូវីដ-១៩ និងការរួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា។
គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ លើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
បេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិកើតពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន បាននឹងកំពុងបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជនគ្រប់ពេលវេលា គ្រប់កាលៈទេសៈ សំដៅធានាឱ្យបានការថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការដាក់ចេញគោលនយោបាយជាក់លាក់ក្នុងការនាំយកកម្ពុជា ឆ្ពោះទៅមុខជានិច្ច៕
ដោយ៖សិលា