ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិងស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ ខណៈពេលដែលរថយន្ត ford មួយគ្រឿងបើកបរក្នុងល្បឿនលឿនគេចរ៉ឺម៉កដែលបើកបរបញ្ច្រាស់ក៏ជ្រុលឆ្លងផ្លូវទៅទៅបុករះតូបលក់កាហ្វេនិងរទេះលក់លៀសហាលប៉ើងរប៉ាត់រប៉ាយ ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងការពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥នៅចំណុចស្តុបផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ០៥ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះជាអ្នកលក់កាហ្វេពុំទាន់ស្គាល់ អត្តសញ្ញាណឡើយ។
អ្នកបើកបររថយន្ដបង្កឈ្មោះ ឡឹក សុកាន់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខF115 ភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាក ford មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ2BX- 5444 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនចូលរាជធានីភ្នំពេញ ខណៈពេលធ្វើដំណើរមកដល់ចំណុចស្តុបផ្សារព្រែកព្នៅ ឆ្លងស្ដុបមានរ៉ឺមកម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នាហើយអ្នកបើកបររថយន្ត ក៏បានទាញចង្កូត គេចជ្រុលឆ្លងផ្លូវទៅឆ្វេងដៃទៅបុករះតូបលក់កាហ្វេលើចិញ្ចើមផ្លូវបណ្ដាលក្រឡាប់និងបុកតូបលក់លៀសហាលប៉ើងរាយប៉ាយពេញដងផ្លូវ បង្កអោយប្ដីប្រពន្ធ២នាក់ជាម្ចាសតូបកាហ្វេរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រែកព្នៅដែលនៅក្បែរនោះតែអកុសលបុរសជាប្តីបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយរួចក៏បញ្ជូនមកកន្លែងកើតហេតុវិញ។
ដោយឡែកអ្នកបើកបររថយន្ដបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍ដើម្បីសួរនាំបន្ដតាមនិតិវិធីច្បាប់ផងដែរ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាសវែងយករថយន្តនិងអ្នកបើកបរបញ្ជូនទៅកាន់ការិយាល័យដើម្បីដោះស្រាយតាមច្បាប់។ សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕