សហរដ្ឋអាម៉េរិក៖ ដូណាល់ត្រាំ ពិចារណាទម្លាក់«គ្រាប់បែក»លើអ៊ីរ៉ង់ម្តងទៀត ! នេះជាការព្រមានរបស់លោកប្រធានាធិបតីអាម៉េរិកធ្វើឡើងក្រោយពីប្រមុខរដ្ឋរបស់អ៊ីរ៉ង់បានលេចមុខចេញសាធារណៈ និងបានប្រកាសថាខ្លួនបានទះកំផ្លៀងអាម៉េរិក ហើយថែមទាំងថាទីតាំងនុយក្លេអ៊ែររបស់ខ្លួនរួមមាន Natanz , Fordow និង Isfahan មិនត្រូវបានបំផ្លាញដូចអាម៉េរិកអះអាងនោះទេ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានទៅអ៊ីរ៉ង់ថាលោកនឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់សារជាថ្មីម្តងទៀតប្រសិនបើអ៊ីរ៉ង់បន្តហ៊ានស្វែងរកផ្លូវក្នុងការផលិតសារធាតុអ៊ុយរ៉ាញ៉ូមហើយឈានទៅដល់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ។
លោកដូណាល់ត្រាំថែមទាំងបានប្រាប់ទៀតថាជីវិតមេដឹកនាំអ៊ីរ៉ង់ត្រូវបានលោកជួយសង្រ្គោះដោយលោកបានដឹងទីតាំងលោក Ali Khamanei លាក់ខ្លួនតែលោកបានបញ្ជាមិនឲ្យទាំងអ៊ីស្រាអែល និងកងកម្លាំងរបស់លោកផ្តាច់ជីវិតមេដឹកនាំរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ២២ ខែ មិថុនា លោកដូណាល់ត្រាំបានបញ្ជាឲ្យយន្តហោះ B-2 Spirit ដឹក គ្រាប់បែកខ្នាតយក្ស GBU-57 ដែលមានទម្ងន់ ១៣,000 គីឡូមានសមត្ថភាពទម្លុះជម្រៅដី ៦០ម៉ែត្រកម្ទេចទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួន ៣ របស់អ៊ីរ៉ង់រួមានNatanz , Fordow និង Isfahan។ លោកត្រាំថែមទាំងបានព្រមានទៀតថាបើអ៊ីរ៉ង់ឆ្លើយតបវិញនោះអាម៉េរិក និងធ្វើឲ្យអ៊ីរ៉ង់ឃើញអ្វីដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញពីមុនមកឡើយ។
ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកមិនសំចៃមាត់ប្រមុខរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានរិះគន់យ៉ាងខ្លាំងទៅលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamanei កាលពីល្ងាចថ្ងៃសុក្រ លោកថែមទាំងប្រកាសថាអាម៉េរិកបានទម្លាក់ផែនការដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ហើយលោកនឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត ប្រសិនបើទីក្រុងតេអេរ៉ង់ កំពុងស្វែងរកវិធីបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតគួរឱ្យព្រួយបារម្ភ ៕
ដោយ ៖ សិលា