ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃអាទិត្យទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៤២៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង មាន ជនជាប់ពាក់ព័ន្ធជាក្មេងទំនើងចំនួន៨នាក់(អនីតិជន ២នាក់) ក្នុងនោះមានខ្លួនចំនួន១នាក់(អនីតិជន) និងរត់ គេចខ្លួនចំនួន៧នាក់(អនីតិជន១នាក់) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទៈ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និង កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត(កាំបិតផ្គាក់) ប្រព្រឹត្តនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយ ទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ តាមមាត្រា ៣៥៣ មាត្រា ៣៥៧ និង មាត្រា ៤៩០ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទដែលមានខ្លួនចំនួន១នាក់(អនីតិជន) ដូច ខាងលើ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ២០២៥ប.ឃខ/២៥ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តស្វាយរៀង ដោយឡែកជនត្រូវចោទដែលរត់គេចខ្លួនចំនួន ៧នាក់ ទៀត ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា