អន្តរជាតិ ៖ តាមសេចក្តីរាយការណ៍របស់ Al Jazeera, អ៊ីស្រាអែលបានបើកការវាយប្រហារតាំងពីពេលព្រឹកព្រហាមនៅសង្កាត់ Zeitoun និង Sabra ព្រមទាំងផ្សារ al-Zawiya ផងដែរ។
អ៊ីស្រាអែល នៅតែមិនបន្ថយដៃឡើយក្នុងតំបន់ហ្គាហ្សា ដោយកាលពីថ្ងៃអាទិត្យទី២៩ខែមិថុនាឆ្នាំ២០២៥ កងកម្លាំង IDF បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៧២នាក់ទៀត ក្នុងនោះរួមមានទាំងអ្នកដែលកំពុងរង់ចាំយកជំនួយផងដែរ។ ទន្ទឹមនោះអ្នករាយការណ៍របស់ Al Jazeera បានរៀបរាប់អំពីស្ថានភាពនៅមន្ទីរពេទ្យ al-Ahli ពោរពេញទៅដោយអ្នករបួសរួមទាំងកុមារផងដែរ ដែលដេករដូករណែល ហើយរូបភាពពិតជាអាក្រក់ខ្លាំង។
សូមជម្រាបថា ៖ ការវាយប្រហារចុងក្រោយបំផុតនេះ កើតឡើងចំពេលយោធាអ៊ីស្រាអែលបង្កើនយុទ្ធនាការកាន់តែខ្លាំង ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង នៅខែតុលាឆ្នាំ ២០២៣។
យោងតាមអាជ្ញាធរប៉ាឡេស្ទីន មនុស្សជាង ៥៦ ០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីផ្ទុះជម្លោះ។ ការវាយប្រហារជាច្រើន កើតឡើង នៅតំបន់ជនស៊ីវិល ដោយបង្កើនក្តីបារម្ភជាអន្តរជាតិលើការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។
តាមប្រភពខាងលើ ក្នុងចំណោមមនុស្សស្លាប់ទាំង៧២នាក់ រួមមានទាំងពលរដ្ឋប៉ាឡេស្ទីន៥នាក់ ដែលកំពុងរង់ចាំទទួលយកជំនួយនៅក្បែរមណ្ឌលចែកចាយរបស់អង្គការមនុស្សធម៌ហ្គាហ្សា GHF ភាគខាងជើងទីក្រុង Rafah ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កាសែត Haaretz បានដកស្រង់សម្តីទាហានអ៊ីស្រាអែល ដែលនិយាយថា ខ្លួនទទួលបញ្ជាឲ្យបាញ់ដាក់ក្រុមមនុស្សដែលដណ្តើមគ្នាយកជំនួយ ដើម្បីបំបែកពួកគេ ៕
(រូបថត៖ Reuters)