ខេត្តស្ទឹងត្រែង : យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា អគ្គមគ្គុទេសក៍ឯកនៃសន្តិភាពរបស់កម្ពុជា ដែលបានផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ ប្រកបដោយមនសិការស្នេហាជាតិ ដ៏ជ្រាលជ្រៅ និងទស្សនវិស័យវែងឆ្ងាយ ស្ទើរាជរដ្ឋាភិបាលសិក្សាទិដ្ឋភាពច្បាប់ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្តីពី ការដកហូតសញ្ជាតិខ្មែរ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
ពិតណាស់ ជនជាតិខ្មែរគ្រប់រូប ទាំងអ្នកដែលមានសញ្ជាតិខ្មែរពីកំណើត ឬតាមរយៈសញ្ជាតូបនីយកម្ម គឺត្រូវតែមានកាតព្វកិច្ច ករណីកិច្ច និងស្មារតីស្មោះត្រង់-ស្នេហាជាតិ ស្វាមីភក្តិចំពោះរាជបល្ល័ង្ក រួមគ្នាជាធ្លុង សាមគ្គីជាតិមួយដើម្បីការពារឧត្តមប្រយោជន៍ជាតិ ទោះត្រូវលះបង់ក្នុងតម្លៃណា ឬទោះស្ថិតក្នុងកាលៈទេសៈ ណាក៏ដោយ ហើយអ្នកដែលមានចេតនាប្រព្រឹត្តដោយផ្ទាល់ ឬគប់គិតជាមួយបរទេសក្នុងសកម្មភាពបំផ្លិច បំផ្លាញជាតិ រាប់ថាជាទង្វើក្បត់ជាតិ សាសនា ព្រះមហាក្សត្រ គឺមិនសក្តិសមជាពលរដ្ឋខ្មែរជាបន្តទៀតនោះទេ គប្បីត្រូវបានដកហូតសញ្ជាតិ និងត្រូវតែទទួលទោសទណ្ឌតាមផ្លូវច្បាប់ជាធរមានជាបន្ថែម។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ក្នុងការស្នើឱ្យមានការគិតគូរធ្វើវិសោធនកម្មច្បាប់ ស្តីពីការដកហូតសញ្ជាតិខ្មែរ ដូចទៅ នឹងបណ្តាប្រទេសនានាមួយចំនួនលើសកលលោក ដើម្បីធានាបាននូវប្រយោជន៍ជាមូលដ្ឋាន និងឧត្តមប្រយោជន៍ ជាតិ និងប្រជាជន ពិសេសធានាការពារបានយ៉ាងគត់មត់នូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី រួមទាំង សន្តិភាពដ៏មានតម្លៃ លើកកម្ពស់កិត្យានុភាព និងមុខមាត់ជាតិទាំងលើឆាកជាតិ និងអន្តរជាតិ៕
ដោយ : សិលា