ទីក្រុងបាងកក ៖ នាយករដ្ឋមន្រ្តីស្តីទី លោកSuriya Jungrungreangkit ត្រូវបានកំណត់ថា នឹងដឹកនាំប្រទេសថៃតែថ្ងៃពុធនេះមួយថ្ងៃប៉ុណ្ណោះ ដោយលោកនឹងត្រូវផ្ទេរអំណាច ទៅអ្នកនយោបាយជើងចាស់ម្នាក់ទៀត ក្រោយគណៈរដ្ឋមន្រ្តីថ្មី ធ្វើពិធីសច្ចាប្រណិធាន នៅថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៥។
លោកSuriyaមកពីគណបក្សភឿថៃ ត្រូវបានលើកបន្តុបជានាយករដ្ឋមន្រ្តីស្តីទីភ្លាមៗ ក្រោយតុលាការធម្មនុញ្ញ សម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តី របស់លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃទី០១ខែកក្កដា ម្សិលមុិញ។
អ្នកនយោបាយដែលត្រូវជំនួសលោកស្រីផែថងថានពិតប្រាកដ គឺលោក Phumtham Wechayachai ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប៉ុន្តែដោយសារលោកមិនទាន់ស្បថចូលកាន់តំណែងនៅឡើយ ទើបនាយករដ្ឋមន្រ្តីស្តីទី ធ្លាក់ទៅលើលោកSuriya ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។ ដូច្នេះ នៅពេលគណៈរដ្ឋមន្រ្តីថ្មីធ្វើសច្ចាប្រណិធានរួច លោកSuriyaនឹងត្រូវបានជំនួសដោយលោក Phumtham ក៏ដូចជាចូលមកធ្វើការងារបណ្តោះអាសន្នជំនួស នាយករដ្ឋមន្រ្តីព្យួរតំណែង លោកស្រីផែថងថាន។
គណបក្សភឿថៃដែលកំពុងកាន់អំណាច បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោក Phumtham នឹងចូលកាន់តំណែង បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី ព្រោះលោកនឹងទទួលបានឋានៈ ជាឧបនាយករដ្ឋមន្ត្រីដែលខ្ពស់ជាងលោក Suriya។ លោក Suriya បាននិយាយថា ការងារបន្ទាន់បំផុតរបស់លោកគឺ ចុះហត្ថលេខាលើក្រដាសមួយសន្លឹក ដើម្បីធានាថាការផ្លាស់ប្តូរដោយរលូន ទៅកាន់អ្នកស្នងតំណែងរបស់លោក នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោក ភូមិថាំ វីឆាយ៉ាឆៃ ដែលទើបផ្លាស់ពីរដ្ឋមន្រ្តីក្រសួងការពារជាតិ គ្រោងកាន់ជានាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ក្រោយគណ:រដ្ឋមន្រ្តីថៃ នឹងចូលស្បថនៅចំពោះព្រះមហាក្សត្រ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយតុលាការធម្មនុញ្ញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានព្យួរតំណែងលោកស្រី ផែថង ថាន, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី។
តែក្រោយស្បថនៅព្រះមរបរាជវាំង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងកាន់តំណែងនាយករដ្ឋមន្រ្តីស្តីទីនេះវិញ។ នេះបើសេចក្តីរាយការណ៍ពីបាងកក ៕
ដោយ ៖ សិលា